លោក Erik ten Hag បានច្រានចោលនូវសំណើរបស់ Marcus Rashford ដើម្បីលេងក្នុងការប្រកួត FA Cup របស់ Manchester United ទល់នឹងក្រុម Newport County បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធនឹងការចូលក្លឹបនៅទីក្រុង Belfast របស់គាត់។

កាសែត The Times បានរាយការណ៍ថាកីឡាករវ័យ 26 ឆ្នាំបានស្នើឱ្យធ្វើដំណើរពី Manchester ទៅកាន់ប្រទេសវែលនៅព្រឹកថ្ងៃអាទិត្យសម្រាប់ការប្រកួត FA Cup ជុំទី 4 ជាមួយក្រុមដែលកំពុងលេងនៅលីកទីបួនអង់គ្លេស ប៉ុន្តែគ្រូបង្វឹកសញ្ជាតិហូឡង់បានបដិសេធ ហើយបានប្រាប់ Rashford ឱ្យហ្វឹកហាត់នៅទីលាន Carrington តែម្នាក់ឯងវិញ។

គួររំលឹកផងដែរថា Rashford រកបាន 30 គ្រាប់កាលពីរដូវកាលមុន ប៉ុន្តែក្នុងរដូវកាលនេះគាត់បានស៊ុតបញ្ចូលទីបានត្រឹមតែ 4 គ្រាប់ប៉ុណ្ណោះ ហើយអ្វីដែលកាន់តែអាក្រក់នោះគឺគាត់ត្រូវបានរងការពិន័យបន្ទាប់ពីដើរលេងពីរយប់ជាប់គ្នាក្នុងទីក្រុង Belfast កាលពីសប្តាហ៍មុន។ កាសែត The Times អះអាងថា មិត្តរួមក្រុមមួយចំនួនរបស់ Rashford នៅបិសាចក្រហមមានការខកចិត្តចំពោះទង្វើរបស់គាត់ ដោយសាររូបគេបានប្រាប់ថាធ្លាក់ខ្លួនឈឺបន្ទាប់ពីហោះត្រឡប់មក Manchester វិញនៅម៉ោង 7 ព្រឹកថ្ងៃសុក្រ។ របាយការណ៍បានបន្ថែមថា គាត់ត្រូវបានផាកពិន័យប្រាក់ឈ្នួលពីរសប្តាហ៍ ដែលមានតម្លៃប្រមាណ 6 សែន 5 មុឺនផោន៕