ខ្សែបម្រើ Seko Fofana របស់ក្លឹបបាល់ទាត់ Al-Nassr បានចូលរួមជាមួយ Al-Ettifaq របស់លោក Steven Gerrard ក្នុងលក្ខខណ្ឌខ្ចីជើង ដោយការនាំចូលមួយនេះគឺដើម្បីជំនួសតំណែងរបស់កីឡាករ Jordan Henderson ។

កីឡាករវ័យ 28 ឆ្នាំបច្ចុប្បន្នកំពុងលេងឱ្យជម្រើសជាតិកូតឌីវ័រក្នុងពាន Africa Cup of Nations។ បន្ទាប់ពីស្មើ 1-1 ទល់នឹងសេណេហ្គាល់ក្នុងម៉ោងបន្ថែម ក្រុមរបស់ Fofana បានឡើងទៅជុំទី 8 ជាមួយនឹងការទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ គាត់នឹងចូលរួមជាមួយ Al-Ettifaq ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលប្រាំមួយខែ នៅពេលគាត់ត្រលប់មកកាន់ប្រទេសអារ៉ាប៊ីសាអូឌីតវិញ។

គួរបញ្ជាក់ផងដែរថា Gerrard មានចំណាប់អារម្មណ៍លើ Fofana មួយរយៈមកហើយ ទោះជាយ៉ាងណាក៏ដោយ ក្លឹប Al-Ettifaq មិនមានធនធានគ្រប់គ្រាន់ក្នុងការបង់ប្រាក់ឈ្នួលរបស់កីឡាករសញ្ជាតិកូតឌីវ័រនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញរបស់ Henderson ទៅកាន់ Ajax បានផ្តល់នូវថវិកាដែលត្រូវការសម្រាប់ Fofana និងការចុះហត្ថលេខាមួយចំនួនទៀតដែលក្លឹបបានប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕