កីឡាករដែល Manchester City លែងត្រូវការ ពោលគឺ Kalvin Phillips បានចូលរួមជាមួយក្លឹប West Ham United ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើង ដោយខ្សែបម្រើរូបនេះកំពុងសម្លឹងមើលការត្រឡប់មកលេងជាទៀងទាត់វិញ។

កីឡាករជម្រើសជាតិអង់គ្លេសវ័យ 28 ឆ្នាំរូបនេះបានផ្ទេរទៅកាន់កីឡដ្ឋាន Etihad ពីក្លឹបកុមារភាពរបស់ខ្លួន Leeds United នៅរដូវក្តៅឆ្នាំ 2022 ជាមួយនឹងកិច្ចព្រមព្រៀងតម្លៃ 42 លានផោន។ គាត់បានប្រមូលពាន Premier League, Champions League និង FA Cup ក្នុងអំឡុងពេលយុទ្ធនាការដំបូងរបស់គាត់នៅទីក្រុង Manchester ប៉ុន្តែបែរជាមិនអាចបង្ហាញអោយលោក Pep Guardiola មើលឃើញពីតម្លៃរបស់ខ្លួនបាន។

Phillips បានចាប់ផ្តើមការប្រកួត Premier League ត្រឹមតែពីរប្រកួតប៉ុណ្ណោះក្នុងរដូវកាល 2022-2023 ហើយលេងបានត្រឹមតែ 89 នាទីប៉ុណ្ណោះនៃការប្រកួតបាល់ទាត់នៅរដូវកាលនេះ។ គាត់បានក្លាយជាកីឡាករមួយរូបដែលត្រូវបានគេបំភ្លេចចោល ប៉ុន្តែឥឡូវនេះមានឱកាសស្រោចស្រង់លេងទម្រង់លេងរបស់គាត់ឡើងវិញក្រោមការដឹកនាំរបស់ David Moyes នៅកីឡដ្ឋាន London Stadium៕