អ្នកគាំទ្រក្លឹប Port Vale ត្រូវរារាំងដោយកីឡាករ និងបុគ្គលិកនៅក្នុងកីឡដ្ឋាន បន្ទាប់ពីបានដេញតាមលោកអាជ្ញាកណ្តាល Craig Hicks ព្រោះតែការផ្តល់បាល់ទៅដល់ក្លឹប Portsmouth។

លោក Hicks បានធ្វើការសម្រេចចិត្តផ្តល់បាល់ប៉េណាល់ទីទៅដល់ Portsmouth នៅនាទីទី 88 បន្ទាប់ពីកីឡាករ Conor Grant ធ្វើអោយកីឡាករ Abu Kamara ដួលក្នុងតំបន់គ្រោះថ្នាក់។ អ្នកគាំទ្រផ្ទះមានការខកចិត្តចំពោះការសម្រេចចិត្ត ដោយអ្នកគាំទ្រចិត្តក្លាហានមួយរូបអស់ការអត់ធ្មត់ ហើយបានរត់ចូលទៅទីលានសំដៅទៅរកអាជ្ញាកណ្តាលតែម្តង។

កីឡាករ និងបុគ្គលិករបស់ក្លឹប Port Vale រួមទាំងគ្រូបង្វឹក Andy Crosby និងជំនួយការ David Dunn បានចេញទៅចាប់អ្នកគាំទ្រ មុនពេលគាត់ទៅដល់អាជ្ញាកណ្តាល។ ការដាក់គោលដៅផ្ទាល់ទៅលើអាជ្ញាកណ្តាលកំពុងក្លាយជារឿងធម្មតាដែលគួរឱ្យព្រួយបារម្ភក្នុងវិស័យបាល់ទាត់ ដោយអាជ្ញាកណ្តាលក្នុងការប្រកួត Super Lig របស់ទួរគីត្រូវបានដាល់ចំមុខដោយប្រធានក្លឹប Ankaragucu កាលពីខែមុន។ ជាលទ្ធផល Port Vale បានថ្កោលទោសទង្វើរបស់អ្នកគាំទ្រ ដោយស្នើរមិនអោយមានរឿងបែបនេះកើតឡើងម្តងទៀត៕