Erik ten Hag ស្នើរឲ្យ Harry Maguire ធ្វើរឿងមួយនេះឲ្យបានពេលត្រលប់ពីក្រុមជម្រើសជាតិវិញ

អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានធ្វើការស្នើរទៅកាន់ខ្សែការពារ Harry Maguire ឲ្យរក្សាទម្រង់លេងនៅអង់គ្លេសឡើងវិញសម្រាប់ Manchester United បន្ទាប់ពីយុទ្ធនាការ World Cup ដ៏គួរឱ្យចាប់អារម្មណ៍។

ក្នុងសន្និសីទកាសែត លោក​ ten Hag បាននិយាយថា “ខ្ញុំ​ត្រូវ​បាន​គេ​សួរ​ជា​ច្រើន​ដង។ វាច្បាស់ណាស់ថាគាត់ (Maguire) មានសមត្ថភាពល្អគ្រប់គ្រាន់ក្នុងការលេងនៅកម្រិតខ្ពស់បំផុត។​ គាត់ធ្វើបានយ៉ាងល្អសម្រាប់ក្រុមអង់គ្លេសស្ទើរតែគ្រប់ពេលវេលា។ ប៉ុន្តែនៅពេលលេងជាមួយក្រុម Manchester United គេបែរជាមានបញ្ហាទៅវិញ ហើយនេះជាចំណុចលំបាកមួយសម្រាប់យើង។​ យើងចង់ឱ្យគាត់នាំយកទម្រង់លេងល្អនៅលើទីលានសម្រាប់ Manchester United។ ខ្ញុំរំពឹងពីគាត់ ហើយក្រុមដឹងពីអ្វីដែលពួកគេរំពឹងពីគាត់។ ប្រសិន​បើ​គាត់​ធ្វើ​បែប​នេះ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដ៏​អស្ចារ្យ​សម្រាប់​យើង”

គួររំលឹកផងដែរថា ខ្សែការពាររូបនេះបានបំបែកកំណត់ត្រាក្នុងនាមជាខ្សែការពារកណ្តាលដែលថ្លៃជាងគេមួយរូបសម្រាប់ Man United ដោយបានជះលុយ 80លានផោន ឲ្យទៅកាន់ក្លិប Leicester City កាលពីឆ្នាំ2019 ប៉ុន្តែរូបគេបែរជាទទួលបានការរិះគន់អំពីទម្រង់លេងជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester៕

ប្រភព : Metro UK