កាលពីពេលថ្មីៗនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុមហង្សក្រហម Liverpool កំពុងតែត្រៀមខ្លួនពង្រឹងកីឡាករថ្មីៗ2រូប ដោយកីឡាករទាំងពីរនេះសុទ្ធសឹងជាកីឡាករកំពុងប្រកបអាជីពនៅលីកកំពូលអង់គ្លេស English Premier League ស្រាប់។

យោងទៅតាម 90min បានឲ្យដឹងថា Liverpool កំពុងតែប្រកួតប្រជែងជាមួយក្រុមសារិកាព្រៃ Newcastle United ដើម្បីត្រៀមនាំយកកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេង Christian Pulisic ពីក្រុមតោខៀវ Chelsea។ ខ្សែប្រយុទ្ធសញ្ជាតិអាមេរិករូបនេះហាក់មិនស្ថិតក្រោមផែនការណ៍របស់លោក Graham Potter នោះឡើយ។ Liverpool អាចពិចារណានាំយក Pulisic មកក្នុងនាមជាកីឡាករខ្ចីជើងនៅខែមករា ដើម្បីជំនួសតំណែង Luis Diaz ដែលទើបតែវះកាត់ជង្គង់។

ក្រៅពី Pulisic ក្រុមហង្សក្រហមក៏បានដាក់គោលដៅចំពោះខ្សែបម្រើឆ្នើម James Maddison ដើម្បីជាចំណែកក្នុងការអភិវឌ្ឍតំបន់បម្រើរបស់លោក Jurgen Klopp។ កុងត្រារបស់ Maddison ជាមួយ Leicester City នៅសល់ត្រឹមឆ្នាំ 2024 ដោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះមានតម្លៃខ្លួនប្រមាណ 60លានអឺរ៉ូ ដែលជាតម្លៃសមរម្យមួយសម្រាប់ក្រុមដែលមិនសូវជះលុយធំគ្រប់ពេលដូច Liverpool នេះ៕
ប្រភព : 90min, Fichajes