ក្លឹបបាល់ទាត់ Aston Villa នឹងបញ្ចប់ទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Casstore ខណៈដែលពួកគេកំពុងរៀបចំនាំយកក្រុមហ៊ុនធំ adidas ជាអ្នកឧបត្ថម្ភថ្មីរបស់ពួកគេ។

បន្ទាប់ពីមានការត្អូញត្អែរពីក្រុមបុរស និងក្រុមនារី Aston Villa នឹងបញ្ចប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតឧបករណ៍ Casstore ហើយនឹងនាំយក adidas ដែលជាក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំបំផុតមួយក្នុងពិភពលោក ជាអ្នកថ្មីរបស់ពួកគេនៅពេលខាងមុខ ដោយសម្ភារះកីឡាទាំងឡាយដែលមានពាក់ព័ន្ធនឹង Aston Villa នឹងត្រូវផលិតដោយក្រុមហ៊ុនយក្សអាឡឺម៉ង់ចាប់ពីរដូវកាល 2024-2025 តរៀងទៅ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន The Telegraph។

កាលពីដើមរដូវកាលនេះ ក្រុមបុរសគឺជាក្រុមដំបូងគេដែលលើកឡើងពីការព្រួយបារម្ភអំពីអាវសើមស្អិត ដែលបង្កើតឡើងដោយ Casstore ។ ពួកគេបានត្អូញត្អែរអំពីទំនោររបស់អាវដែលឆាប់សើម ហើយតោងជាប់នឹងខ្លួនពេញការប្រកួត។ ក្រុមនារីបានចេញមកគាំទ្រនូវការលើកឡើងរបស់កីឡាករបុរស ហើយបានអះអាងថាអាវទាំងនោះពិតជាមានស្ថានភាពអាក្រក់ណាស់។ ថ្នាក់ដឹកនាំក្លឹបបានចេញជាប្រតិកម្មភ្លាមៗ និងធានាដល់កីឡាកររបស់ពួកគេថាពួកគេកំពុងពិភាក្សាបញ្ហាផ្ទៃក្នុង ហើយគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយ Castore មុនពេលកំណត់៕