Man City ប្រឈមមុខការឡើងតុលាការជាន់ខ្ពស់ដោយសារតែអាវហ្វឹកហាត់របស់ខ្លួន

Manchester City ប្រឈម​នឹង​រឿងក្តីកម្រិត​តុលាការ​ជាន់​ខ្ពស់​ពី​ម៉ាក​សំលៀកបំពាក់ Superdry ជុំវិញ​ការ​រំលោភ​សិទ្ធិ​ផ្ទាល់​លើ​អាវ​ហ្វឹកហាត់​របស់​ពួកគេ។

នៅរដូវក្តៅនេះ City បានប្រកាសថាក្រុមហ៊ុនផលិតស្រាបៀរ Asahi នឹងដាក់ពាក្យ Asahi Super “Dry” នឹងមាននៅលើឈុតហ្វឹកហាត់ទាំងបុរស និងស្ត្រី ក៏ដូចជាម៉ាកយីហោ Asahi Super “Dry” 0.0% ដែលគ្មានជាតិអាល់កុលផងដែរ ប៉ុន្តែបើយោងតាមសារព័ត៌មាន The Telegraph បានទម្លាយថាក្រុមហ៊ុនសម្លៀកបំពាក់ល្បី Superdry កំពុងអះអាងថាឈ្មោះទាំងពីរ គឺមានភាពស្រដៀងនឹងយីហោរបស់ពួកគេ។ កាល​ពី​ខែ​ធ្នូ ពួក​គេ​បាន​ដាក់​សំណើ​សុំ​ដីកា​ហាម​ឃាត់​ Man City មិន​ឲ្យ​ប្រើ​ពាក្យ​នេះនៅលើអាវហ្វឹកហាត់របស់គេទៀតឡើយ។

ប្រសិនបើដីកាដែលបានដាក់ចេញដោយដោយ Superdry ត្រូវបានអនុញ្ញាតដោយតុលាការជាន់ខ្ពស់ នោះ Man City នឹងត្រូវបំផ្លាញ ឬកែប្រែទំនិញទាំងអស់ដែលនឹងបង្កើតជាការបំពានលើដីកាបង្គាប់។ នេះ​ជាការឡើងតុលាការ​ចុងក្រោយ​ដែល​ Man Cityត្រូវ​ប្រឈម​មុខ។ ក្រុមមួយនេះបានយកឈ្នះរឿងក្តីពាក់ព័ន្ធនឹងការហាមប្រាមមិនអោយលេងបាល់ទាត់អឺរ៉ុបរបស់ពួកគេដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡាក្នុងឆ្នាំ 2020 ប៉ុន្តែការចោទប្រកាន់ផ្នែកហិរញ្ញវត្ថុដែល Premier League យកមកប្រឆាំងនឹងក្លឹបកាលពីឆ្នាំមុនអាចចំណាយពេលច្រើនឆ្នាំដើម្បីដោះស្រាយ៕