Jurgen Klopp និយាយពាក់ព័ន្ធរឿង Salah ដែលធ្វើអោយអ្នកគាំទ្រអេហ្ស៊ីបខកចិត្តស្តូក

លោក Jurgen Klopp បានទម្លាយអោយដឹងនៅពេលដែលគាត់ចង់ឱ្យ Mohamed Salah ធ្លាក់ចេញពីការប្រកួត AFCON ដោយគ្រូបង្វឹកក្រុមហង្សក្រហមបានផ្តល់ចម្លើយដ៏ស្មោះត្រង់បំផុត ប៉ុន្តែអាចបង្កជាការខកចិត្តសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអេហ្ស៊ីប។

ដំណើរ​របស់​អេហ្ស៊ីប​ក្នុង​ការ​ប្រកួត​ទ្វីប​អាហ្រ្វិក​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​កូតឌីវ័រ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី 14 ខែ​មករាខាងមុខ​ទល់​នឹង​ប្រទេស​ម៉ូសំប៊ិក។ ដោយសារតែការចូលរួមរបស់ Salah ក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations ឆ្នាំ 2023 ខ្សែប្រយុទ្ធរូបនេះអាចនឹងខកខានការប្រកួតចំនួន 8 សម្រាប់ក្រុម Liverpool រួមទាំងការប៉ះទង្គិចគ្នាជាមួយក្រុម Arsenal ក្នុងពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍នេះផងដែរ។ អវត្តមានរបស់គាត់អាចនឹងធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងដល់ដណ្តើមពានរបស់ហង្សក្រហមរដូវកាលនេះ ហើយ Klopp បានសម្តែងថា វាជារឿងមិនសមហេតុផលសម្រាប់គាត់ក្នុងការជូនពរខ្សែប្រយុទ្ធជួរមុខរបស់គាត់ និង Wataru Endo ឱ្យជួបតែសំណាងល្អមុនការចូលរួមក្នុង AFCON និង Asian Cup រៀងៗខ្លួន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Klopp បាននិយាយទាំងលេងសើចថា “ខ្ញុំបាននិយាយថា ប្រសិនបើខ្ញុំសូមជូនពរឱ្យពួកគេសំណាងល្អ វានឹងក្លាយជាការកុហក។ ខ្ញុំសង្ឃឹមថា ពួកគេនឹងត្រូវធ្លាក់ក្នុងវគ្គចែកពូល ប៉ុន្តែវាមិនអាចទៅរួចនោះទេ។ សូមសំណាងល្អ ហើយសង្ឃឹមថាពួកគេអាចត្រលប់មកវិញដោយមិនមានរបួស ហើយសុខភាពល្អ។ ពេលនេះពួកយើងនឹងព្យាយាមស្វែងរកអ្នកដែលអាចជំនួសតំណែងពួកគេជាមុនសិន”