Xavi រអ៊ូរទាំរឿងកីឡាករលេងមិនដល់កម្រិតរបស់ខ្លួនពីមុន

អ្នកចាត់ការក្លឹប Barcelona លោក Xavi បានរិះគន់កីឡាកររបស់គាត់យ៉ាងចាស់ដៃចំពោះអសមត្ថភាពរបស់ពួកគេក្នុងការយកចំណេញលើចំណុចខ្សោយរបស់ក្រុម Las Palmas ដូចអ្វីដែលគាត់ធ្លាប់បានធ្វើកាលនៅជាកីឡាករ។

Barca មានភាពលំបាកជាខ្លាំងក្នុងការបង្កើតឱកាសទល់នឹងខ្សែការពាររបស់ Las Palmas នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានលេងបាល់ជំហរក្រៅល្បែងរហូតដល់ទៅ 14 ដង និងស៊ុតចំគោលដៅបានតែ 5 ជើងប៉ុណ្ណោះនៅក្នុងការប្រកួតទាំងមូល។ អ្នកគ្រប់គ្រងដែលជាខ្សែបម្រើដ៏អស្ចារ្យមួយក្នុងអំឡុងពេលដែលគាត់ជាកីឡាករ បានអះអាងថាគាត់នឹងមានប្រសិទ្ធភាពជាងកីឡាកររបស់គាត់បើសិនជាខ្លួនលេងនៅក្នុងការប្រកួតមួយនេះ។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត អ្នកចាត់ការទូទៅបានសម្តែងការខកចិត្តជាមួយនឹងអសមត្ថភាពរបស់ក្រុមរបស់គាត់ក្នុងការបញ្ជូនបាល់ល្អថា “ពួកយើងធ្វើខុសជាមួយនឹងការបញ្ជូនបាល់ពីក្រោយក្នុងតង់ទីមួយ។ ពួកគេមានខ្សែការពារដែលឡើងខ្ពស់ ហើយយើងមិនអាចរកចំណុចខ្សោយនៅពីក្រោយខ្នងខ្សែការពារបាន ដែលជាអ្វីដែលយើងបានព្យាយាមរៀបចំពេញមួយសប្តាហ៍។ នោះហើយជាអ្វីដែលខ្ញុំពូកែក្នុងនាមជាកីឡាករ!”។ Barcelona បានបញ្ចប់ការប្រកួតជាមួយនឹង 3 ពិន្ទុយ៉ាងសំខាន់ក្នុងលទ្ធផល 2-1៕