អ្នកចាត់ការក្រុម Getafe លោក Jose Bordalas បានបង្ហើបនូវអ្វីដែល Mason Greenwood បាននិយាយទៅកាន់អាជ្ញាកណ្តាលដើម្បីទទួលបានកាតក្រហមភ្លាមៗក្នុងការប្រកួតទល់នឹង Rayo Vallecano។

Greenwood ត្រូវបានបណ្តេញចេញពីការប្រកួតបន្ទាប់ពីចំណាយពេលបានត្រឹមតែ 50 នាទីក្នុងការប្រកួតរបស់ Getafe ជាមួយ Rayo កាលពីថ្ងៃអង្គារដែលធ្វើឱ្យក្រុមម្ចាស់ផ្ទះមានកីឡាករត្រឹមតែ 9 នាក់ប៉ុណ្ណោះ។ កីឡាករខ្ចីជើងមកពី Manchester United រូបនេះត្រូវបានពិន័យកាតក្រហមភ្លាមៗដោយសារតែការតវ៉ាហួសហេតុជាមួយអាជ្ញាកណ្តាល ដោយអ្នកចាត់ការ Jose Bordalas បានប្រាប់ទាំងស្រុងនូវអ្វីដែល Greenwood បាននិយាយទៅលោកអាជ្ញាកណ្តាល។

គ្រូបង្វឹករបស់ក្រុម Getafe បាននិយាយទៅកាន់អ្នករាយការណ៍ព័ត៌មានថា “កីឡាករបានទម្លាយអោយខ្ញុំដឹងថា រូបគេបាននិយាយថា កុំរញ៉េរញ៉ៃជាមួយរូបគេអោយសោះ។ Greenwood មិនបាននិយាយអ្វីអាក្រក់ទៅកាន់អាជ្ញាកណ្តាលនោះឡើយ”។ ជំនួបមួយនេះបានបញ្ចប់ទៅក្នុងលទ្ធផល 2-0 ដោយក្រុម Rayo Vallecano បានយកឈ្នះ Getafe ដែលមានកីឡាករត្រឹមតែ 9 នាក់ប៉ុណ្ណោះក្រោយចប់ការប្រកួត៕