Erik ten Hag ចង់រក្សាចំណុចមួយនេះអោយបាន បន្ទាប់ពីមានម្ចាស់ភាគហ៊ុនថ្មី

លោក Erik ten Hag ចង់រក្សាឥទ្ធិពលរបស់គាត់លើការសម្រេចចិត្តក្នុងការផ្ទេរកីឡាកររបស់ Manchester United ទោះបីជាមហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe ទើបតែបានទិញភាគហ៊ុន 25% ក៏ដោយ។

យោងតាមសារព័ត៌មាន ​​ESPN អ្នកចាត់ការសញ្ជាតិហូឡង់ចង់បន្តកាន់កាប់សិទ្ធិអំណាចនៅក្នុងការផ្ទេររបស់ United ដដែលបន្ទាប់ពីការកាន់កាប់របស់លោក Ratcliffe បានប្រកាសជាផ្លូវការ។ នៅមុនថ្ងៃបុណ្យណូអែលមួយថ្ងៃ ក្លឹបបានបញ្ជាក់ថាពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយមហាសេដ្ឋីអង់គ្លេសដែលជាម្ចាស់ក្រុមហ៊ុន INEOS ដោយបានទិញភាគហ៊ុន 25% នៅក្នុងក្លឹបបិសាចក្រហម ហើយមានសិទ្ធិក្នុងការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ Man United ផងដែរ។

នៅពេលចូលរួមជាមួយបិសាចក្រហមក្នុងឆ្នាំ 2022 អតីតគ្រូបង្វឹករបស់ Ajax បានដាក់បញ្ចូលឃ្លាមួយនៅក្នុងកិច្ចសន្យារបស់គាត់ដែលអនុញ្ញាតឱ្យគាត់បដិសេធការសម្រេចចិត្តក្នុងការនាំយកកីឡាករថ្មីៗ ហើយត្រូវបានគេរាយការណ៍ថាគាត់ចង់ឱ្យក្លឹបបន្តនៅបែបនេះដដែល ទោះបីជាលោក Ratcliffe និងនាយកនៃក្រុមហ៊ុន INEOS លោក Sir Dave Brailsford នឹងដឹកនាំប្រតិបត្តិការបាល់ទាត់ក៏ដោយ៕