លោក Roberto De Zerbi បានបង្ហាញពីការភ្ញាក់ផ្អើលរបស់គាត់ចំពោះការដាក់បញ្ចូលកីឡាករ Kaoru Mitoma នៅក្នុងបញ្ជីកីឡាកររបស់ក្រុមជម្រើសជាតិជប៉ុន ខណៈដែលគាត់កំពុងសម្រាកព្យាបាលរបួសនៅពេលនេះ។

គ្រូបង្វឹក Brighton បានសារភាពថាគាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឈ្មោះរបស់ Mitoma ត្រូវបានបញ្ចូលក្នុងក្រុមជប៉ុនសម្រាប់ព្រឹត្តិការណ៍ Asia Cup នាពេលខាងមុខ ក្រោមមូលហេតុដែលខ្សែប្រយុទ្ធស្លាបរូបនេះត្រូវបានអវត្តមានមួយរយះមកហើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹងក្រុម West Ham United គ្រូបង្វឹក Brighton បាននិយាយថា “បាទ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ព្រោះបុគ្គលិកពេទ្យរបស់ខ្ញុំបានប្រាប់ខ្ញុំ Mitoma នឹងត្រូវការរយៈពេល 4-6 សប្តាហ៍សម្រាប់របួសរបស់គាត់។ វាពិបាកក្នុងការគិតថាគាត់អាចលេងនៅ Asia Cup ប៉ុន្តែខ្ញុំជាអ្នកគាំទ្រ Mitoma នឹងកីឡាករទាំងអស់របស់ខ្ញុំ ដូច្នេះប្រសិនបើពួកគេអាចលេងឱ្យជម្រើសជាតិរបស់ពួកគេ ខ្ញុំពិតជាមានមោទនភាពមែនទែន”៕