វីរកីឡាកររបស់ក្លឹប Newcastle United និង Premier League លោក Alan Shearer បានជំរុញឱ្យអតីតក្លឹបរបស់គាត់ចុះហត្ថលេខាទៅលើកីឡាករ David de Gea ដែលមិនទាន់មានក្លឹបលេងក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

អតីតខ្សែប្រយុទ្ធរបស់ Newcastle ចង់ឱ្យក្លឹបចុះហត្ថលេខាលើអ្នកចាំទីថ្មី និងខ្សែប្រយុទ្ធក្នុងទីផ្សារដោះដូរកីឡាករខែមករា ដើម្បីពង្រឹងក្រុមរបស់ពួកគេសម្រាប់ដំណាក់កាលទីពីរនៃរដូវកាល 2023-2024 នេះ ដោយបានចុចឈ្មោះចំៗសម្រាប់អតីតអ្នកចាំទីរបស់បិសាចក្រហម Manchester United។

និយាយក្នុងកម្មវិធី BBC Radio 5 Live អតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានលើកឡើងថា “ខ្ញុំយល់ស្របថាអ្នកចាំទីនឹងខ្សែប្រយុទ្ធកណ្តាលគឺជាគោលដៅសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំគិតថា Newcastle ត្រូវការអ្នកចាំទី ហើយ De Gea គឺជាកីឡាករដែលទំនេរមួយរូប។ ខ្ញុំដឹងថាប្រាក់បៀវត្សជារឿងដ៏ធំមួយ ប៉ុន្តែយ៉ាងហោចណាស់ ក្លឹបមិនត្រូវការបង់ថ្លៃផ្ទេរសម្រាប់រូបគេនោះឡើយ”៕