ជំនួយការគ្រូបង្វឹករបស់ Liverpool ថាវាជារឿងដ៏អយុត្តិធម៌មួយដែលត្រូវផ្តោតទៅលើការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធមួយនេះ

ជំនួយការគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Pep Lijnders បានចេញមកធ្វើការការពារកីឡាករ Darwin Nunez ចំពេលដែលមានការរិះគន់ជាច្រើនអំពីបញ្ហាស៊ុតបញ្ចូលទីរបស់ Nunez។

ខ្សែប្រយុទ្ធតម្លៃ 85 លានផោន មិនអាចរកបានគ្រាប់បាល់សម្រាប់ក្លឹបរបស់គាត់ចាប់តាំងពីដើមខែវិច្ឆិកា ដែលគិតមកទល់ពេលនេះគឺបានអូសបន្លាយរហូតដល់ទៅ 10 ប្រកួតទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Lijnders បានប្រកែកថា Nunez កំពុងលេងបានល្អជាងរដូវកាលមុន ដោយសរសើរទៅដល់ការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធ និងការសម្របខ្លួនរបស់គាត់ទៅនឹងតួនាទីផ្សេងគ្នានៅក្នុងក្រុម

នៅក្នុងសន្និសីទកាសែតមុនការប្រកួត Carabao Cup វគ្គ 8 ក្រុមចុងក្រោយរវាង Liverpool នឹង West Ham ជំនួយការគ្រូបង្វឹករបស់ Liverpool រូបនេះបានអោយដឹងថា “Darwin ជាកីឡាករដែលមានឆន្ទះខ្ពស់មួយរូប។ អ្នកគ្រប់គ្នាបានឃើញរាល់ការប្រកួត ហើយបើសិនជាយើងវាយតម្លៃកីឡាករតែលើចំនួនគ្រាប់បាល់ដែលគេអាចរកបាន នោះគឺជារឿងដែលអយុត្តិធម៌មួយ។ ខ្ញុំគិតថា គេលេងបានល្អជាងឆ្នាំមុនច្រើន ជាពិសេសសមត្ថភាពការពារនៅក្នុងទីលាន”