អនាគតត្រចះត្រចង់មួយទៀតហើយ! ប្អូនប្រុសរបស់ Jude Bellingham ត្រូវបានក្រុមធំៗបីនៅ Premier League ចាប់អារម្មណ៍

ខ្សែបម្រើរបស់ Sunderland គឺ Jobe Bellingham ត្រូវបានសង្កេតឃើញដោយអ្នកសង្កេតការណ៍មកពីក្លឹបធំៗបីរបស់លីកកំពូលអង់គ្លេស។

កីឡាករវ័យ 18 ឆ្នាំដែលបានបញ្ចប់ការផ្លាស់ប្តូរនៅរដូវក្តៅរបស់គាត់ពី Birmingham នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃអាជីពរបស់គាត់នៅ Sunderland នៅឡើយ។ Bellingham បានលេងអោយថ្នាលរបស់ក្រុម Birmingham មុនពេលចូលរួមជាមួយ Sunderland នៅដើមឆ្នាំនេះ។

ទោះបីជា Bellingham ទើបតែនៅ Sunderland បានប្រាំមួយខែក៏ដោយ ប៉ុន្តែក្លឹបកំពូល ៗ មួយចំនួននៅ Premier League បានបង្ហាញចំណាប់អារម្មណ៍លើគាត់រួចហើយ។ អ្នកកាសែតអង់គ្លេសមួយរូបបានអះអាងថា អ្នកសង្កេតការណ៍មកពី Liverpool, Chelsea និង Arsenal បានមកមើល Bellingham អំឡុងពេលការប្រកួតក្រៅដីរបស់ Sunderland ទល់នឹង Bristol City កាលពីថ្ងៃសៅរ៍៕