គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ នៅតែបើកទ្វារស្វាគមន៍កីឡាករមួយនេះក្នុងការត្រឡប់មកវិញ

Julian Nagelsmann នៅតែបើកទ្វារឱ្យកីឡាករ Toni Kroos ធ្វើការផ្លាស់ប្តូរការសម្រេចចិត្ត និងចូលរួមជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ឡើងវិញទាន់ពេលសម្រាប់យុទ្ធនាការ Euro 2024 ដែលអាឡឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។

តារាឆ្នើមរបស់ក្លឹប Real Madrid បានសម្រេចចិត្តចាកចេញពីក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីគាត់លេងមិនបានល្អនៅព្រឹត្តិការណ៍ Euro 2020។ គាត់បានបន្តអាជីពក្លឹប Real Madrid របស់គាត់ ខណៈពេលដែលគាត់ក៏បានដាក់គ្រួសាររបស់គាត់ជាអាទិភាព និងចំណាយពេលច្រើនទៀតជាមួយពួកគេ។ ឥឡូវនេះ Kroos បានក្លាយ​ជា​ការ​ផ្តោត​អារម្មណ៍​របស់​អ្នក​ចាត់​ការ Nagelsmann ដែល​បាន​បង្ហើប​ថា​លោក​បាន​និយាយ​ជាមួយ​នឹង​កីឡាករ​ខ្សែបម្រើនេះផ្ទាល់តែម្តង។

និយាយនៅក្នុងកិច្ចសម្ភាសន៍មួយ អតីតគ្រូបង្វឹកក្រុម Bayern Munich រូបនេះបានទម្លាយអោយដឹងថា “ការងាររបស់ខ្ញុំគឺគិតអំពីកីឡាករអាឡឺម៉ង់ទាំងអស់។ Toni គឺជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយក៏ជាកីឡាករបាល់ទាត់ដែលជោគជ័យខ្លាំង។ អ្នកអាចនិយាយជាមួយគាត់អំពីអ្វីគ្រប់យ៉ាង។ ខ្ញុំគិតថាការលេង Euro នៅក្នុងដីគឺជាការរំពឹងទុកដ៏គួរឱ្យទាក់ទាញសម្រាប់កីឡាករអាឡឺម៉ង់ទាំងអស់។ វាអាស្រ័យលើគាត់ ទម្រង់លេងរបស់គាត់ និងកីឡាករផ្សេងទៀត”