Premier League គ្រោងផ្តល់តំណែងសម្រាប់អាជ្ញាកណ្តាលថ្មីចំនួនពីររូបជាប្រវត្តិសាស្ត្រ

លីកកំពូលអង់គ្លេស Premier League គ្រោងនឹងតែងតាំងអាជ្ញាកណ្តាលថ្មីចំនួន 2 ដោយអ្នកទាំងពីរសុទ្ធសឹងតែជាអាជ្ញាកណ្តាលដែលនឹងក្លាយជាទំព័រថ្មីនៃប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។

ដូចដែលបានប្រកាសដោយសហព័ន្ធបាល់ទាត់អង់គ្លេស លោកស្រីអាជ្ញាកណ្តាល Rebecca Welch នឹងក្លាយជាអាជ្ញាកណ្តាលនារីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ Premier League ដោយត្រូវបានតែងតាំងជាពិសេសក្នុងការកាត់សេចក្តីសម្រាប់ជំនួបរវាង Fulham នឹងក្រុម Burnley​ នៅកីឡដ្ឋាន Craven Cottage នាថ្ងៃទី 23 ខែធ្នូខាងមុខនេះ។ Welch បានបង្កើតប្រវត្តិសាស្ត្រក្នុងខែមេសា ឆ្នាំ 2021 នៅពេលដែលនាងត្រូវបានចាត់តាំងឱ្យធ្វើជាអ្នកគ្រប់គ្រងការប្រកួតលីកទីពីរអង់គ្លេស ហើយបានបន្តបង្កើតប្រវត្តិសាស្ត្រថ្មីនៅខែមករា ឆ្នាំ 2022 នៅពេលដែលនាងរ៉ាប់រងការកាត់សេចក្តីក្នុងការប្រកួត FA Cup ផ្នែកបុរស។

ដោយឡែក លោក Sam Allison នឹងត្រូវកាត់សេចក្តីសម្រាប់ជំនួបនាថ្ងៃ Boxing Day រវាងក្រុម Sheffield United នឹងក្រុម Luton Town ដោយលោក Allison នឹងមានឈ្មោះជាអាជ្ញាកណ្តាលស្បែកខ្មៅដំបូងក្នុងរយះពេល 15 ឆ្នាំ ចាប់តាំងពីលោក Uriah Rennie ធ្វើវាបាននៅក្នុងឆ្នាំ 2008។ បន្ទាប់ពីចំណាយពេលជាច្រើនរដូវកាលនៅលីកទីពីរអង់គ្លេសរួចមក ពេលនេះលោក Allison ត្រូវបានដំឡើងតំណែងជាបណ្តោះអាសន្នមកកាន់ Premier League៕