Man Utd ធ្លាក់ដល់ចំណុចបាតមួយទៀត ក្រោយចាញ់ Bayern Munich

បិសាចក្រហម Manchester United បានឈានដល់កម្រិតទាបមួយសម្រាប់ក្រុមដែលមកពីក្របខ័ណ្ឌ Premier League ក្នុងការប្រកួត Champions League ខណៈដែលពួកគេបានធ្លាក់ចេញបន្ទាប់ពីការចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល 1-0 ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី 2 របស់ Kingsley Coman នៅកីឡដ្ឋាន Old Trafford គ្រប់គ្រាន់សម្រាប់ការធានាជ័យជម្នះជូនក្រុមយក្សអាល្លឺម៉ង់ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល និងបានធានាឱ្យ Man United ធ្លាក់ចេញពីការប្រកួតនៅទ្វីបអឺរ៉ុបបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងដោយទទួលបានត្រឹមតែ 4 ពិន្ទុពីការប្រកួតចំនួន 6 ប្រកួតរួចមក។

យោងតាមប្រភពមួយ ការធ្លាយគ្រាប់បាល់រហូតដល់ទៅ 15 គ្រាប់ក្នុងវគ្គចែកពូល គឺជាគ្រាប់បាល់ច្រើនបំផុតដែលក្លឹបមកពីអង់គ្លេសបានរបូតក្នុងវគ្គចែកពូលតែមួយរដូវកាល។ លើសពីនេះ Man United គឺជាក្រុមមកពីអង់គ្លេសតែមួយគត់ដែលធ្លាប់បញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងចំនួនពីរលើក ដោយលើកទីមួយបានកើតឡើងនូវរដូវកាល 2005-2006៕