ទុក្ខជាន់ទុក្ខហើយ​​ Liverpool ពេលនេះ! Luis Diaz ត្រូវវះកាត់ជង្គង់ហើយសម្រាករហូតដល់ទៅ5ខែ

ដំណើរជីវីតរបស់ខ្សែប្រយុទ្ធ Luis Diaz ជាមួយមន្ទីរពេទ្យត្រូវបានបន្ថែមទៅមុខទៀត ក្រោយកីឡាកររូបនេះត្រូវវះកាត់ជង្គង់ម្តងទៀត ក្រោយទើបតែសះស្បើយកាលពីសប្តាហ៍មុន។

Diaz មិនបានលេងសម្រាប់ក្រុមហង្សក្រហម Liverpool ចាប់តាំងពីបានបង្ហាញខ្លួនក្នុងតង់ទីមួយក្នុងជំនួបទល់និងកាំភ្លើងធំ Arsenal កាលពីថ្ងៃទី 9 ខែតុលា។ ខ្សែប្រយុទ្ធមុតស្រួចស្លាបឆ្វេងរបស់ Liverpool បានបញ្ជាក់ទៅក្លិបពីភាពមិនប្រក្រតីក្នុងជង្គង់របស់គាត់អំឡុងពេលជំរុំហ្វឹកហាត់ពាក់កណ្តាលរដូវកាលរបស់ Liverpool នៅទីក្រុងឌូបៃ ហើយត្រូវបានបញ្ជូនទៅផ្ទះដើម្បីធ្វើតេស្តបន្ថែម។ លទ្ធផលបានចេញមកដោយសម្រេចថា កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះត្រូវការការវះកាត់ ដែលនឹងពន្យាពេលនៅក្រៅទីលានរបស់ Diaz យ៉ាងតិច5ខែទើបអាចត្រលប់មកវិញ។

វាជាបញ្ហាធំមួយទៀតសម្រាប់ក្រុម Liverpool ដែលកំពុងវេទនាលំបាកលំបិនដើម្បីរក្សាជម្រើស11នាក់ឲ្យបានជាប់លាប់ក្នុងរដូវកាលនេះ ដោយសាររបួស។ ខ្សែប្រយុទ្ធសំខាន់ៗ ដែលមានប្រសិទ្ធភាពនិងគុណភាពដូចជា Diaz ត្រូវសម្រាករហូតដល់ខែមីនា ស្របពេលដែល Diogo Jota ត្រូវការពេលរហូតដល់ដើមខែកុម្ភៈ។

ប្រភព : The Athletic