Thomas Tuchel បង្ហើបក្តីសង្ឃឹមក្នុងការជួបជុំគ្នាជាមួយ Kylian Mbappe វិញ

Thomas Tuchel បានពិភាក្សាអំពីលទ្ធភាពនៃការជួបជុំជាមួយតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe នៅក្លឹប Bayern Munich សម្រាប់រដូវកាលក្រោយ។

តារាឆ្នើមសញ្ជាតិបារាំងដែលមិនទាន់ចុះកុងត្រាថ្មីនៅ PSG ទំនងជានឹងចាកចេញពីក្លឹបយក្ស Ligue 1 ក្នុងនាមជាកីឡាករដែលគ្មានកុងត្រានៅរដូវក្តៅក្រោយ។ ខណៈដែលទិសដៅបន្ទាប់របស់គាត់មិនទាន់ត្រូវបានបង្ហាញនៅឡើយ អតីតគ្រូបង្វឹករបស់ Mbappe នៅ PSG បានផ្តល់យោបល់ថាគាត់នឹងរីករាយក្នុងការជួបជុំជាមួយកីឡាករសញ្ជាតិបារាំង ទាំងដែល Real Madrid ត្រូវបានគេដាក់ឈ្មោះថាជាគោលដៅបន្ទាប់ដែលទំនងបំផុតសម្រាប់ Mbappe។ យ៉ាងណាក្តី Tuchel បាននិយាយបែបកំប្លែងថាគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចុះបញ្ចូលអតីតខ្សែប្រយុទ្ធរបស់គាត់មកលេងនៅកីឡដ្ឋាន Allianz Arena ជំនួសវិញ។

និយាយទៅកាន់ Canal+ អ្នកចាត់ការ Bayern បាននិយាយថា “Mbappe ទំនេរនៅឆ្នាំក្រោយមែនទេ? គាត់នឹងលេងឱ្យយើង។ Kylian គឺ Kylian គាត់ឆ្លាតណាស់។ យើងមានទំនាក់ទំនងល្អ ប្រសិនបើគាត់ចង់មក Bayern ខ្ញុំនឹងទៅយក​គាត់​មកដោយ​ខ្លួន​ឯង ពេល​គាត់​ចង់​បាន​អ្វី​មួយ គាត់នឹង​ទទួល​បានតាមសំណូមពរ”។ កីឡាករវ័យ 24 ឆ្នាំរូបនេះគឺជាគោលដៅផ្ទេរចម្បងរបស់ Real Madrid រយៈពេលលើសពី 2 ឆ្នាំទៅហើយ ប៉ុន្តែយោងតាមរបាយការណ៍ថ្មីៗនេះដោយ CadenaSER បានឲ្យដឹងថា ក្លឹប Los Blancos ឥឡូវនេះបានសម្រេចចិត្តបញ្ចប់ការតាមយក Mbappe ដែលទុកឱ្យទ្វារបើកចំហសម្រាប់ក្លឹបផ្សេងៗរួមទាំង Bayern ផងដែរ៕