កីឡាករសញ្ជាតិហ្គាណា Raphael Dwamena បានទទួលមរណភាពយ៉ាងអកុសលនៅវ័យ 28 ឆ្នាំ បន្ទាប់ពីដួលនៅលើទីលានអំឡុងពេលប្រកួតមួយ។

ខ្សែប្រយុទ្ធរូបនេះបានដួលក្នុងអំឡុងពេលប្រកួត Abissnet Superiore សម្រាប់ក្រុម KF Egnatia ទល់នឹងក្រុម Partizani។ យោងតាមសមាគមបាល់ទាត់ហ្គាណា ហៅកាត់ថា GFA គាត់បានទទួលរងការគាំងបេះដូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានចេញផ្សាយថា “សមាគមបាល់ទាត់ហ្គាណាមានសេចក្តីសោកស្ដាយក្នុងការទទួលមរណភាពរបស់អតីតកីឡាកររបស់យើងពោលគឺ Raphael Dwamena ហើយសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសាររបស់គាត់ក្នុងគ្រាដ៏លំបាកនេះ។ អតីតខ្សែប្រយុទ្ធជម្រើសជាតិហ្គាណា ត្រូវបានគេប្រកាសថាបានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានដួលនៅលើទីលានបាល់ទាត់ អំឡុងពេលការប្រកួតលីកក្នុងប្រទេសអាល់បានី។ កីឡាកររបស់ក្រុម Egnatia បានទទួលរងការគាំងបេះដូងអំឡុងពេលការប្រកួតរវាង Egnatia និង Partizani”៕