Brentford ដាក់តម្លៃកប់ពពកសម្រាប់ Ivan Toney ចំពេលទីផ្សារដោះដូរកីឡាករជិតមកដល់

Brentford ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃ 100 លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើម Ivan Toney របស់ពួកគេចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពី Chelsea និង Arsenal ។

Toney បានជាប់បម្រាមរយៈពេលប្រាំបីខែចាប់តាំងពីខែឧសភា បន្ទាប់ពីបានសារភាពថាបានបំពានច្បាប់ភ្នាល់ 232 ករណីរបស់សហព័ន្ធបាល់ទាត់អង់គ្លេស FA ហើយនឹងអវត្តមានរហូតដល់ថ្ងៃទី 16 ខែមករា។ ទោះបីជាអវត្តមានរបស់គាត់ក៏ដោយក៏ Chelsea និង Arsenal បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសនៅពេលដែលទីផ្សារដោះដូរកីឡាករបើកក្នុងឆ្នាំថ្មី។ ដោយចងចាំពីចំណាប់អារម្មណ៍របស់ក្លឹបទាំងពីរ ពេលនេះ Brentford បានដាក់តម្លៃ 100 លានផោនលើខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ នេះបើយោងតាមសារព័ត៌មាន ​​Sky Sports ។

គួររំលឹកផងដែរថា កាលពីដើមខែកញ្ញា អ្នកចាត់ការទូទៅរបស់ Brentford លោក Thomas Frank បាននិយាយថា ក្លឹបនឹងសុខចិត្តលក់តែតារាឆ្នើមរបស់ពួកគេ ដែលរកបាន 20 គ្រាប់កាលពីរដូវកាលមុន ប្រសិនបើពួកគេទទួលបានតម្លៃត្រឹមត្រូវសម្រាប់គាត់។ បន្ទាប់ពីត្រលប់ពីការព្យួររបស់គាត់នៅពាក់កណ្តាលខែមករា គោលដៅចម្បងរបស់ខ្សែប្រយុទ្ធវ័យ 27 ឆ្នាំគឺការចូលទៅក្នុងក្រុមជម្រើសជាតិអង់គ្លេសរបស់ Gareth Southgate សម្រាប់ពាន Euro ដែលនឹងធ្វើឡើងនៅរដូវក្តៅឆ្នាំ 2024 នៅប្រទេសអាឡឺម៉ង់៕