អតីតខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Nani បានចេញមកនិយាយយ៉ាងចំៗថាក្លឹបដែលធ្លាប់តែរុងរឿងដូចជា Man Utd ពេលនេះបែរជាជួបបញ្ហាធំៗ ជាពិសេសកង្វះខាតនូវស្មារតីលះបង់ នឹងភាពជាអ្នកដឹកនាំក្នុងក្រុមបច្ចុប្បន្ន។

គិតត្រឹមពេលនេះ Man United ឈរនៅលេខរៀងទី 8 ក្នុងក្របខណ្ឌ Premier League ត្រូវបានក្រុម Newcastle United ទម្លាក់ចេញពីពានរង្វាន់ Carabao Cup យ៉ាងអាម៉ាស់ហើយប្រហែលជាមិនអាចឆ្លងផុតពីវគ្គចែកពូលពូលនៃក្របខ័ណ្ឌ Champions League របស់ពួកគេ។ ថ្វីបើក្លឹបមួយនេះជាអ្នកចំណាយដ៏ធំបំផុតមួយនៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ពួកគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងសម្រាប់ពានរង្វាន់ដ៏ធំបំផុតនៅលើទ្វីបនេះដែរ។ ពេលនេះអតីតតារាឆ្នើមរបស់បិសាចក្រហម Nani បានរិះគន់ក្រុមរបស់ Erik ten Hag ថាខ្វះធាតុផ្សំសំខាន់ៗជាច្រើនដើម្បីទទួលបានជោគជ័យ។

អតីតកីឡាករជម្រើសជាតិព័រទុយហ្កាល់រូបនេះបានប្រាប់អ្នកកាសែត Pedro Pinto ថា “នៅពេលអ្នកមើលការលេងរបស់ Manchester United អ្នកឃើញថាគ្មានស្មារតីលះបង់ គ្មានការតាំងចិត្តនោះទេ មិនមានអ្នកលេងដែលនិយាយថាយើងត្រូវឈ្នះ! យើងត្រូវរត់ជាមួយបាល់ ហើយព្យាយាមស៊ុតវាបញ្ចូលទី នោះឡើយ”៕