Lionel Messi បានផ្តល់ការវាយតម្លៃដោយស្មោះត្រង់មួយនៃរដូវកាលដំបូងរបស់គាត់នៅក្លឹបថ្មី Inter Miami បន្ទាប់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកកៅអីឡើងទៅវគ្គប្រកួតជម្រុះពាន Major League Soccer បានបរាជ័យ។

Messi បានធ្វើដំណើរផ្សងព្រេងថ្មីនៅសហរដ្ឋអាមេរិកបន្ទាប់ពីចាកចេញពី Paris Saint-Germain កាលពីខែមិថុនា ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះជាមួយក្លឹប Inter Miami ។ ម្ចាស់ជើងឯក World Cup បានធ្វើឱ្យមានឥទ្ធិពលភ្លាមៗនៅរដ្ឋផ្លរីដា ដោយរកបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 14 លើកដំបូងរបស់គាត់នៅគ្រប់ការប្រកួតទាំងអស់ ហើយថែមទាំងបានជួយក្រុម Miami លើកពានជាលើកដំបូងមិនធ្លាប់មានរបស់ពួកគេក្នុងទម្រង់នៃការប្រកួតពានរង្វាន់ Leagues Cup ផងដែរ។ Miami បានទទួលរងនូវការធ្លាក់ទម្រង់លេងរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការ MLS ឆ្នាំ 2023 របស់ពួកគេ ខណៈដែលពួកគេខកខានក្នុងការប្រកួតវគ្គ Playoff ខណៈពេលដែល Messi មានបញ្ហាសុខភាព។

យ៉ាងណាក៏ដោយ បុរសវ័យ 36 ឆ្នាំរូបនេះចង់ផ្តោតលើភាពវិជ្ជមានពីប៉ុន្មានខែដំបូងរបស់គាត់នៅសហរដ្ឋអាមេរិក ហើយព្យាករណ៍ថានឹងមានពេលវេលាមិនគួរឱ្យជឿ ជាច្រើនទៀតនៅឆ្នាំ 2024។ នៅក្នុងការបង្ហោះក្នុងបណ្តាញសង្គម Instagram កីឡាកររូបនេះបាននិយាយថា រូបគេពិតជាមានមោទកភាពជាខ្លាំងនូវអ្វីដែលក្រុមអាចសម្រេចបាននូវរដូវកាលនេះ ដោយបានបំបែកកំណត់ត្រាលើកពានជាលើកដំបូងរបស់ក្លឹប នឹងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពាន Lamar Hunt US Open Cup។ Messi ក៏បានបន្ថែមទៀតថាខ្លួនច្បាស់ថាក្លឹបនឹងអ្នកគាំទ្រទាំងអស់ នឹងបន្តនូវរឿងរ៉ាវល្អៗដែលបានកើតឡើងនូវប៉ុន្មានខែចុងក្រោយនេះ។ Messi ត្រូវបានគេផ្គូរផ្គងថានឹងត្រឡប់ទៅ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងអំឡុងពេលបិទរដូវកាល MLS ដោយត្រូវបានគេរាយការណ៍ថាជិតចូលរួមជាមួយក្លឹបម្ដងទៀតក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអាហ្សង់ទីនបានទទូចថាគាត់នឹងផ្តោតតែលើការប្តេជ្ញាចិត្តសម្រាប់ក្រុមជម្រើសជាតិរបស់គាត់នៅក្នុងប៉ុន្មានខែខាងមុខនេះ ខណៈដែលគាត់ក៏មានគម្រោងរីករាយនឹងថ្ងៃឈប់សម្រាកដែលត្រូវការច្រើនបន្ទាប់ពីការប្រឹងប្រែងរបស់គាត់នៅ Miami៕