Wayne Rooney ត្រូវបានគេរាយការណ៍ថាអាចនៅសល់តែមួយប្រកួតប៉ុណ្ណោះដើម្បីសង្គ្រោះការងាររបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លឹប DC United។

យោងតាមកាសែត The Sun អតីតកីឡាករជម្រើសជាតិអង់គ្លេសអាចនឹងឈានដល់ចំណុចបញ្ចប់ បន្ទាប់ពីក្លឹប DC United បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃក្រុម Austin ក្នុងលទ្ធផល 3-0 ក្នុងក្របខ័ណ្ឌ Major League Soccer កាលពីថ្ងៃពុធ ដែលស្ទើរតែអស់សង្ឃឹមក្នុងវគ្គ Playoff របស់ពួកគេបាត់ទៅហើយ។ ថ្វីបើក្រុមរបស់គាត់តាមពីក្រោយមួយពិន្ទុនៃក្រុមដែលអាចលេងវគ្គ playoff ហើយនៅតែអាចឈានទៅដល់វគ្គជម្រុះនៃសន្និសីទភាគខាងកើត ប៉ុន្តែពួកគេបានលេងការប្រកួតច្រើនជាងគូប្រជែងរបស់ពួកគេ ដែលធ្វើអោយមានភាពស្មុគស្មាញបន្ថែមទៀតដល់វគ្គជម្រុះរបស់ពួកគេ។

ទោះបីជាក្រុមរបស់ Rooney ឈ្នះការប្រកួតចុងក្រោយរបស់ពួកគេលើក្រុម New York City FC នៅថ្ងៃសៅរ៍ក៏ដោយ ពួកគេត្រូវតែពឹងផ្អែកលើលទ្ធផលផ្សេងទៀតដើម្បីធានាបានការឆ្លងទៅកាន់វគ្គ Playoff ។ ដូច្នេះហើយ ការប្រកួតបន្ទាប់អាចជាការប្រកួតចុងក្រោយរបស់ Rooney ស្របពេលដែលកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅរដូវក្តៅនេះ។ ទោះបីជាមានជម្រើសក្នុងការបន្តវាមួយរដូវកាលទៀតក៏ដោយ វាមិនទំនងថារូបគេនឹងបន្តទៀតនោះឡើយ ប្រសិនបើរដូវកាលនេះបញ្ចប់ដោយការខកចិត្ត។