ហេតុអ្វីបានជា Newcastle បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Castore មុនកាលកំណត់ទៅវិញ?

សារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ Casstore បន្ទាប់ពីមានការត្អូញត្អែរជាច្រើនដងពីអ្នកគាំទ្រ ដោយក្រុមហ៊ុន Adidas បានរៀបចំខ្លួនសម្រាប់ការចូលជំនួសតំណែងរួចទៅហើយ។

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Newcastle បានបញ្ចប់ភាពជាដៃគូរបស់ពួកគេជាមួយ Castore ជុំវិញគុណភាពអន់នៃទំនិញរបស់ពួកគេ បន្ទាប់ពីមានការត្អូញត្អែរជាច្រើនពីអ្នកគាំទ្ររបស់ Newcastle ផ្ទាល់។ អ្វីដែលកាន់តែចម្លែកនោះគឺ មានការពន្យាពេលក្នុងការប្រគល់ការបញ្ជាទិញ ដែលជំរុញឱ្យក្លឹបបានបញ្ចប់កិច្ចសន្យាមុនកាលកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការត្អូញត្អែរពីកីឡាករ Newcastle ជុំវិញគុណភាពនៃអាវនោះទេ ចាប់តាំងពីពួកគេបានចុះកិច្ចសន្យាក្នុងឆ្នាំ 2021។

គួររំលឹកផងដែរថា Castore បានចំណាយប្រាក់ 5 លានផោនក្នុងមួយឆ្នាំទៅឱ្យ Newcastle សម្រាប់កិច្ចព្រមព្រៀងដែលសន្មត់ថានឹងបញ្ចប់នៅឆ្នាំ 2025-26 ។ ក្រុមហ៊ុន Adidas បានឈានជើងចូលជាក្រុមហ៊ុនផលិតថ្មី ហើយនឹងផ្តល់ឧបករណ៍ចាប់ពីរដូវក្តៅក្រោយ ដោយនៅក្នុងភាពយន្តឯកសារ Amazon Prime ថ្មីៗនេះដេលមានចំណងជើងថា We Are Newcastle United អ្នកតំណាងរបស់ក្លឹបមួយចំនួនបានហោះទៅប្រទេសអាឡឺម៉ង់ដើម្បីសម្រេចនូវកិច្ចព្រមព្រៀង៕