Victor Osihmen បដិសេដមិនអបអរគ្រាប់បាល់របស់ខ្លួន ខណះកំពុងមានរឿងរកាំរកូសជាមួយ Napoli

តារាឆ្នើមរបស់ក្លឹប Napoli កីឡាករ Victor Osihmen បានបដិសេដមិនព្រមអបអរបង្ហាញពីភាពរីករាយក្រោយពេលរកគ្រាប់បាល់សម្រាប់ក្លឹប ខណះដែលរូបគេកំពុងតែជួបរឿងរកាំរកូសជាមួយក្លឹបជុំវិញវីដេអូ TikTok មួយ។

Napoli បានបញ្ចេញវីដេអូដែល Osimhen ស៊ុតបាល់ប៉េណាល់ទីមិនចូលទល់នឹង Bologna នៅលើបណ្តាញសង្គម TikTok ប៉ុន្តែមិនបានយូរប៉ុន្មានផង វីដេអូ​នោះក៏​ត្រូវ​បាន​លុប​ចេញ។ ទោះជាព្យាយាមលុបចោលក៏ពិតមែន តែភាពវឹកវរបានលេចឡើងទៅកាន់មជ្ឈដ្ឋានខាងក្រៅរួចរាល់ហើយ ដោយភ្នាក់ងាររបស់ Osihmen លោក Roberto Calenda បានផ្តល់យោបល់ថា លោកអាចនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងម្ចាស់ពានលីកកំពូលអ៊ីតាលីសម្រាប់ការចំអកឱ្យកូនក្តីរបស់គាត់ជាលក្ខណះសាធារណៈ។

នៅក្នុងជ័យជម្នះលទ្ធផល 4-1 ទល់នឹងក្រុម Udinese កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះរកបានមួយគ្រាប់ ប៉ុន្តែរូបគេមិនបានអបអរគ្រាប់បាល់សូម្បីតែបន្តិច ដែលនេះបានបង្ហាញពីភាពមិនពេញចិត្តជាខ្លាំងចំពោះរឿងរ៉ាវដែលបានកើតឡើងជុំវិញរូបគេប៉ុន្មានថ្ងៃកន្លងមកនេះ។ គួររំលឹកផងដែរថា Victor Osihmen រដូវកាលនេះមិនសូវល្អដូចជារដូវកាលមុននោះទេ ជាពិសេសក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Rudi Garcia៕