Phil Jones ទម្លាយនូវគោលដៅបន្ទាប់របស់ខ្លួន ក្រោយពេលផុតកុងត្រាជាមួយ Man United

អតីតខ្សែការពារក្រុម Manchester United កីឡាករ Phil Jones បានបង្ហើបពីជម្រើសអាជីពថ្មីរបស់គាត់ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់នៅកីឡដ្ឋាន Old Trafford។

បន្ទាប់ពីអាជីពរយៈពេល 12 ឆ្នាំនៅ Old Trafford បានបញ្ចប់ក្នុងរដូវក្តៅ កីឡាករវ័យ 31 ឆ្នាំរូបនេះបានប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់គេកាលពីថ្ងៃអង្គារដើម្បីប្រាប់ទៅកាន់អ្នកគាំទ្រអំពីផ្លូវអាជីពថ្មីរបស់គាត់។ មិនតែប៉ុណ្ណោះ Jones បានចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកគ្រូបង្វឹកបាល់ទាត់ដែលអ្នកគាំទ្រអាចឃើញគាត់ត្រលប់មកវិញក្នុងវិស័យបាល់ទាត់ក្នុងតួនាទីជានាយកផ្នែកកីឡា។

Jones បានបង្ហោះនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា “នេះជាការចាប់ផ្តើមនៃដំណើរថ្មីមួយ។ វាពិតជាល្អណាស់ក្នុងការចាប់ផ្តើមវគ្គដឹកនាំកីឡាបាល់ទាត់សកលជាមួយសាលាធុរកិច្ច PFA ដោយរៀនអ្វីថ្មីៗអំពីការប្រកួតបាល់ទាត់ ខណៈពេលដែលបន្តជំរុញទៅមុខសម្រាប់អាជ្ញាប័ណ្ណរបស់ខ្ញុំ។ ខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមនៅលើផ្លូវមួយនេះ”