ប្រធានក្រុមថ្មីរបស់ Chelsea កីឡាករ Reece James បានរងរបួសក្នុងការប្រកួតដំបូងនៃរដូវកាលរបស់តោខៀវជាមួយ Liverpool ហើយមកទល់ពេលនេះរូបគេមិនទាន់ត្រលប់មកវិញនៅឡើយទេ។

ខ្សែការពារវ័យ 23 ឆ្នាំរូបនេះបានស៊ូទ្រាំនឹងការខកចិត្តជាច្រើនក្នុងរដូវកាលថ្មីៗនេះ។ គាត់បានខកខានក្នុងការលេងនៅ World Cup ឆ្នាំ 2022 សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ហើយបានចំណាយពេលភាគច្រើននៃយុទ្ធនាការ 2022-23 នៅខាងក្រៅទីលានថែមទៀតផង។ James បានត្រលប់មកធ្វើសកម្មភាពវិញនៅរដូវកាលនេះ ហើយថែមទាំងត្រូវបានលោក Mauricio Pochettio ប្រគល់តំណែងឲ្យលេងជាប្រធានក្រុម ប៉ុន្តែបន្ទាប់ពីការប្រកួតបើកឆាក Premier League របស់គេ រូបគេត្រូវបានបង្ខំចិត្តឲ្យសម្រាកនៅខាងក្រៅទីលានម្តងទៀត។

ប្រធានក្រុម Chelsea វ័យក្មេងរូបនេះបានបង្ហើបថាគាត់ពិតជាចង់ត្រលប់មកវិញឆាប់ៗ និងជួយក្រុមរបស់គាត់ ប៉ុន្តែគាត់ក៏នៅតែប្រុងប្រយ័ត្នផងដែរ ទាក់ទងនឹងការជាសះស្បើយពីរបួសរបស់គាត់ ដោយ James បានប្រាប់សារព័ត៌មានផ្លូវការរបស់ក្លឹប “វាជារឿងដ៏លំបាកសម្រាប់ខ្ញុំពីរបីសប្តាហ៍ចាប់តាំងពីរបួសបន្ទាប់ពីការប្រកួតដំបូង។ ការងាររបស់ខ្ញុំគឺលេងបាល់ទាត់ ហើយខ្ញុំចង់អាចជួយក្រុម ប៉ុន្តែខ្ញុំមិនអាចធ្វើវាបានទេនៅពេលនេះ ដូច្នេះឥឡូវនេះខ្ញុំត្រូវហាត់ប្រាណឱ្យបានលឿន និងដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន”៕