ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីការវិលត្រឡប់ដ៏រំជើបរំជួលទៅកាន់កីឡដ្ឋាន San Siro សម្រាប់ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ដែលទើបតែចូលនិវត្តន៍កាលពីរដូវកាលមុន។

បុរសវ័យ 41 ឆ្នាំរូបនេះបានសម្រេចចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីបានរងរបួសញឹកញាប់ខ្លាំងពេក ដោយ Zlatan បានបិទបញ្ចប់នូវអាជីពដ៏អស្ចារ្យរបស់គេ បន្ទាប់ពីបានស្គាល់រសជាតិពាន Serie A ជាលើកទីពីរជាមួយក្រុម AC Milan។ ថ្មីៗនេះ Ibrahimovic ត្រូវបានគេប្រទះឃើញថាបានត្រឡប់មកវិញនៅទីក្រុង Milan មុនពេលការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម Newcastle ហើយសារព័ត៌មាន Calciomercato រាយការណ៍ថាការពិភាក្សាត្រូវបានធ្វើឡើងរវាងអតីតកីឡាករជម្រើសជាតិស៊ុយអែត និងម្ចាស់ក្លឹបលោក Gerry Cardinale ទាក់ទងនឹងតួនាទីដែលអាចធ្វើទៅបានសម្រាប់គាត់។

មានការផ្ដល់យោបល់ថា បន្ទាប់ពីការចាកចេញរបស់វីរបុរសក្លឹប Paolo Maldini នៅរដូវក្តៅ Ibrahimovic អាចត្រូវបានប្រគល់តួនាទីជាអ្នកគ្រប់គ្រងក្រុមដោយអនុញ្ញាតឱ្យគាត់ធ្វើការជាមួយគ្រូបង្វឹក Stefano Pioli។ Ibrahimovic នឹងមិនប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តនោះទេ ដោយសារគាត់ស្វែងរកភាពច្បាស់លាស់កាន់តែខ្លាំងលើរចនាសម្ព័ន្ធក្លឹប និងតួនាទីថ្មីរបស់គាត់ ប៉ុន្តែការប្រជុំបន្ថែមទៀតត្រូវបានគ្រោងសម្រាប់ខែវិច្ឆិកា ឬខែធ្នូ៕