Axel Witsel ចេញមកពន្យល់មូលហេតុដែលកីឡាករជាច្រើនសម្រេចជ្រើសរើសបន្តអាជីពនៅអារ៉ាប៊ីសាអូឌីត

ខ្សែបម្រើ Axel Witsel របស់ក្លឹប Atletico Madrid បានពន្យល់ពីហេតុផលពិតប្រាកដដែលកីឡាករបាល់ទាត់ភាគច្រើនសម្រេចជ្រើសរើសការផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីត។

Axel Witsel បានអះអាងថាកីឡាករដែលផ្លាស់ទៅ Saudi Pro League ទៅទីនោះដើម្បីលុយ បន្ទាប់ពីកីឡាករដូចជា Cristiano Ronaldo, Karim Benzema, Riyad Mahrez និង Sadio Mane សុទ្ធតែបានផ្លាស់ប្តូរពីក្លឹបកំពូលៗនៅទូទាំងទ្វីបអឺរ៉ុប សម្រាប់ការបន្តអាជីពនៅមជ្ឈឹមបូព៌ា។

យោងទៅតាម SPORTface កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះបានទម្លាយឲ្យដឹងថា “យើងម្នាក់ៗមានផ្លូវរៀងៗខ្លួន។ ខ្ញុំមិននិយាយថាវាអាក្រក់ទេក្នុងការចាកចេញទៅអារ៉ាប៊ីសាអូឌីត ខ្ញុំបានទៅប្រទេសចិននៅពេលខ្ញុំមានអាយុ 27 ឆ្នាំ។ វាគឺជាបទពិសោធន៍ជីវិតមួយ។ ជាក់ស្តែង យើងទៅទីនោះដើម្បីលុយ យើងមិនចាំបាច់និយាយអំពីគម្រោងកីឡានោះទេ។ វាជាការពិត Carrasco បានធ្វើវាហើយវាមិនមានអ្វីប៉ះពាល់ខ្ញុំឡើយ”។ គួររំលឹកផងដែរថា Witsel បានចូលរួមជាមួយក្លឹបចិន Tianjin Quanjian ពី Zenit Saint Petersburg ក្នុងឆ្នាំ 2017 ជាកន្លែងដែលគាត់បានបង្ហាញខ្លួនត្រឹមតែ 36 ដងសម្រាប់ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Tianjin មុនពេលផ្លាស់ទៅអឺរ៉ុបវិញក្នុង 2018 ដោយការចូលរួមជាមួយ Borussia Dortmund៕