កីឡាករមួយចំនួនរបស់បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថានៅតែមិនទាន់អស់ចិត្តនឹងការបោះបង់ចោលអ្នកចាំទីដៃស្អិត David de Gea ដើម្បីទៅជ្រើសយក Andre Onana ជាអ្នកជំនួស។

បិសាចក្រហមបានសម្រេចចិត្តថារដូវក្តៅឆ្នាំ 2023 គឺជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការផ្លាស់ប្តូរអ្នកចាំទីថ្មី។ ស្របពេលដែល De Gea ឈានដល់ចុងបញ្ចប់កិច្ចសន្យារបស់គាត់ កីឡាករឆ្នើមប្រចាំឆ្នាំ 4 ដងនៅ Old Trafford រូបនេះត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។ De Gea បានលេងនៅ Manchester អស់រយៈពេល 12 ឆ្នាំ ដោយបានបង្ហាញខ្លួន 545 ដង និងបំបែកកំណត់ត្រា Clean Sheet របស់ក្លឹប។ ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានអនុញ្ញាតឲ្យចាកចេញនៅពេលដែលប្រាក់ 47 លានផោន ត្រូវបានវិនិយោគក្នុងការចាប់យកកីឡាករជម្រើសជាតិកាមេរូន Andre Onana ពីក្លឹប Inter Milan។

Onana បានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកវេទនាជាមួយក្រុមយក្សនៅ Premier League ជាមួយនឹងកំហុសដ៏មិនគួរឲ្យជឿមួយទៀតដែលបានធ្វើឡើងនៅក្នុងការបរាជ័យ 4-3 ក្រោមស្នាដៃក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Champions League ហើយសារព័ត៌មាន The Sun អះអាងថាសមាជិកជាច្រើននៃក្រុមរបស់ United កំពុងហត់នឿយជាមួយនឹងការសម្រេចចិត្តអនុញ្ញាតឱ្យ De Gea ចាកចេញទៅបែបនេះ៕