Joao Palhinha ចុះកុងត្រាថ្មីជាមួយ Fulham ក្រោយបរាជ័យក្នុងការផ្លាស់ទៅលេងនៅ Bayern Munich

Joao Palhinha បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលរក្សាគាត់ឱ្យជាប់ជាមួយក្លឹប Fulham រហូតដល់ឆ្នាំ 2028 ទោះបីជាស្ទើរតែបានចូលរួមជាមួយ Bayern Munich នៅរដូវក្តៅក៏ដោយ។

Palhinha គឺជាប្រធានបទនៃការផ្ទេរតម្លៃ 47 លានផោន ទៅកាន់ Bayern នៅជិតចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ ហើយគាត់ថែមទាំងបានទទួលការពិនិត្យសុខភាពផងដែរ ប៉ុន្តែមិនមានការផ្លាស់ប្តូរណាមួយកើតឡើងនោះទេ ខណៈដែល Fulham បានផ្លាស់ប្តូរចិត្តទាមទារប្រាក់ប្រហែល 70 លានផោនវិញ។ បើទោះជាខ្សែបម្រើរូបនេះចង់ចាកចេញទៅក្លឹបយក្សអាល្លឺម៉ង់ក៏ដោយ គាត់បានអះអាងសារជាថ្មីពីការប្តេជ្ញាចិត្តរបស់គាត់ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយះពេលវែងមួយ។

កិច្ចព្រមព្រៀងចាស់របស់កីឡាករវ័យ 28 ឆ្នាំបានដំណើរការរហូតដល់ឆ្នាំ 2027 ប៉ុន្តែឥឡូវនេះគាត់ត្រូវបានភ្ជាប់ជាមួយក្លឹបរហូតដល់ឆ្នាំ 2028 ដោយ Fulham មានជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំបន្ថែមទៀត។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយក្រុម Fulham ក្នុងឆ្នាំ 2022 ហើយបានបង្ហាញខ្លួនចំនួន 43 ដងក្នុងការប្រកួតទាំងអស់៕