កីឡាករ Antoine Griezmann និយាយថាការផ្លាស់ប្តូរទៅកាន់ Major League Soccer នៅតែជាអាទិភាពរបស់គាត់ ខណៈដែលរូបគេបានសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃអាជីពរបស់គាត់រួចជាស្រេច។

Griezmann បាននិយាយម្តងហើយម្តងទៀតអំពីបំណងប្រាថ្នារបស់គាត់ក្នុងការលេងនៅ MLS ដោយបញ្ជាក់នៅដើមរដូវក្តៅនេះថាគាត់កំពុងតាមដានយ៉ាងជិតស្និទ្ធលើ Lionel Messi និង Inter Miami ។ កីឡាករសញ្ជាតិបារាំងខ្លួនឯងផ្ទាល់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Inter Miami ទោះបីជាគាត់នៅជាប់កុងត្រាជាមួយ Atletico Madrid រហូតដល់ឆ្នាំ 2026 ក៏ដោយ។ ខណះកំពុងបំពេញកាតព្វកិច្ចក្រុមជម្រើសជាតិជាមួយប្រទេសបារាំង Griezmann ត្រូវបានគេសួរអំពីលទ្ធភាពនៃការផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយកីឡាកររួមសញ្ជាតិដូចជា N’Golo Kante និង Karim Benzema ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់ថាគាត់នៅតែប្តេជ្ញាចិត្តក្នុងការផ្លាស់ទៅ MLS។

ប្រាប់ទៅកាន់អ្នករាយការណ៍ កីឡាកររូបនេះបាននិយាយថា “អារ៉ាប៊ីសាអូឌីត? ខ្ញុំយល់អំពីអ្នកដែលបានផ្លាស់ទៅទីនោះ គឺដោយសារតែទឹកលុយដ៏ច្រើន។ តើខ្ញុំអាចទៅលេងដែររឺទេ? ខ្ញុំមានគ្រួសារ ហើយមានកូន 3 នាក់។ វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលមួយឡើយ ប៉ុន្តែ MLS នៅតែជាអាទិភាពសម្រាប់ខ្ញុំ”៕