Kyle Walkers ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិដល់ទៅពីរដង ប៉ុន្តែបាន Gareth Southgate ហាមឃាត់ទាន់

ខ្សែការពារ Kyle Walker របស់ក្រុមជម្រើសជាតិអង់គ្លេស និង Manchester City បានសញ្ជឹងគិតអំពីការចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិរហូតដល់ទៅពីរដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

Walker បាន​បង្ហាញ​ខ្លួនយ៉ាងល្អ​ក្នុង​ការ​ប្រកួត​របស់​អង់គ្លេស​ទល់​នឹង​អ៊ុយក្រែន​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2024 កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ។ បន្ទាប់ពី Oleksandr Zinchenko បញ្ជូនបាល់ឱ្យអ៊ុយក្រែននាំមុខ Walker បានសង្គ្រោះក្រុមអង់គ្លេសដោយការស៊ុតបញ្ចូលទីនៅនាទីទី 41 ។ ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បង្ហើបថាគាត់បានបញ្ចុះបញ្ចូលកុំឲ្យខ្សែការពារស្តាំចូលនិវត្តន៍ពីរដងក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ ម្តងបន្ទាប់ពី Euro 2020 និងលើកទីពីរបន្ទាប់ពី World Cup ឆ្នាំ 2022 នៅប្រទេសកាតា។

ថ្លែងទៅកាន់ The Guardian លោក Southgate បាននិយាយថា “ខ្ញុំបានទាញគាត់ពីការចូលនិវត្តន៍រហូតដល់ទៅពីរដង ម្តងបន្ទាប់ពី Euros និងម្តងទៀតបន្ទាប់ពី World Cup ។ ខ្ញុំគិតថាគាត់ចូលចិត្តនៅទីនេះ គាត់ចង់បន្ត ហើយឥឡូវនេះគាត់កំពុងគិតអំពីចំនួនប្រកួតដែលគាត់អាចលេង។ គាត់ពិតជាសំខាន់ចំពោះយើង។ ប្រសិនបើយើងនិយាយអំពីកីឡាករលំដាប់ពិភពលោកនៅក្នុងតួនាទីរបស់ពួកគេនៅក្នុងក្រុមរបស់យើង នោះរូបគេជាកីឡាករដ៏សំខាន់មួយហើយ”