Joao Felix គឺជាកីឡាករចំណូលថ្មីដ៏អស្ចារ្យមួយសម្រាប់ Barcelona អំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែចម្ងល់ជាច្រើនបានលើកឡើងថាតើគាត់ធ្លាប់បានសុំយកអាវលេខ 10 ចាស់របស់ Lionel Messi ដែររឺទេ?

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនបានលាក់បាំងការពិតថា វាជាក្តីសុបិនរបស់គាត់ក្នុងការផ្លាស់ទៅ Camp Nou នៅពេលដែលមានការចាប់អារម្មណ៍ពីក្លឹបយក្សនៅតំបន់កាតាឡូញ៉ាជាលើកដំបូង នោះឡើយ។ សម្តីទាំងនោះបានបង្កើតជារឿងចម្រូងចម្រាស់មួយជាមួយក្លឹប Atletico Madrid ប៉ុន្តែចុងក្រោយកិច្ចសន្យាខ្ចីជើងត្រូវបានអនុវត្ត ដោយ Barcelona មានជម្រើសក្នុងការទិញយក Joao Felix ផ្តាច់ពី AT Madrid។

កាលពីពេលថ្មីៗនេះ សារព័ត៌មានSPORT អះអាងថា Felix មិនដែលមានបំណងគ្រប់គ្រងអាវលេខ 10 នៅ Barcelona ហើយក្លឹបក៏មិនបានផ្តល់លេខអាវនេះទៅ Felix ដែរក្រោយការចាកចេញរបស់ Ansu Fati ទៅកាន់ក្លឹប Brighton ក្នុងលក្ខខណ្ឌខ្ចីជើង។ Felix ចង់គេចពីការប្រៀបធៀបជាមួយអតីតវីរកីឡាករផ្សេងៗ ហើយចង់បង្ហាញពីតម្លៃរបស់គាត់ចំពោះអ្នកគាំទ្រ Barca ដោយមិនមានសម្ពាធបន្ថែមលើស្មារបស់គាត់ ទើបរូបគេសម្រេចជ្រើសយកអាវលេខ 14 ជំនួសវិញ៕