ក្រោយទទួលបានជ័យជម្នះយ៉ាងតឹងតែងក្នុងលទ្ធផល 1-0 ទៅលើក្រុមជម្រើសជាតិអេក្វាឌ័រ អាហ្សង់ទីនបានចេញមកធ្វើការវាយតម្លៃអំពីទម្រង់លេងរបស់ខ្លួន នឹងការប្រកួតប្រជែងដែលនៅចំពោះមុខរបស់ខ្លួន។

ការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Lionel Messi នៅនាទីទី 78 គឺជាចំណុចតែមួយគត់ដែលអាចបំបែកក្រុមជម្រើសជាតិអាហ្សង់ទីនចេញពីក្រុមអេក្វាឌ័រ ក្នុងការប្រកួត 90 នាទី។ ក្រោយការប្រកួតនោះ អាហ្សង់ទីនបានអបអរភាពជោគជ័យរបស់ពួកគេ ខណៈពេលដែលសម្លឹងឆ្ពោះទៅមុខទៅកាន់ផ្លូវដែលកំពុងរង់ចាំពួកគេ។

ប្រធានក្រុមវ័យ 36 ឆ្នាំ Lionel Messi បានលើកឡើងក្រោយការប្រកួតថា “វាបានបង្ហាញនៅការប្រកួតមិត្តភាពពីរចុងក្រោយ នឹងថ្ងៃនេះថាក្រុមរបស់យើងនឹងមិនអាចសម្រាកបានងាយៗឡើយទោះជាបានបំបែកប្រវត្តិសាស្ត្រក៏ដោយ។ គ្រប់គ្នាចង់ផ្តួលអាហ្សង់ទីន។ ពេលនេះយើងជាម្ចាស់ពានពិភពលោក ដូចនេះពួកគេរឹតតែចង់បំបាក់យើង ហើយនេះជាមូលហេតុដែលយើងត្រូវតែខំប្រឹងប្រែងលើសពីនេះទៅទៀត។ តម្រូវការរបស់យើងគឺកើនឡើងដល់ចំណុចកំពូល”៕