Ben Chilwell ទទួលស្គាល់ថា Chelsea ខ្វះខាតចំណុចមួយនេះសម្រាប់ដើមរដូវកាល 2023-2024

ខ្សែការពារ Ben Chilwell របស់ក្រុមតោខៀវ Chelsea ជឿជាក់ថាការចាប់ផ្តើមដ៏យឺតយ៉ាវរបស់ក្រុមរបស់គាត់ក្នុងរដូវកាលនេះគឺអាចមកពីកង្វះបទពិសោធន៍ ប៉ុន្តែនៅតែជឿជាក់ថាពួកគេអាចផ្លាស់ប្តូរស្ថានភាពបាន។

Chelsea ប្រមូលបានតែ 4ពិន្ទុប៉ុណ្ណោះពីការប្រកួត 4 ប្រកួតចុងក្រោយក្នុង Premier League នៅរដូវកាលនេះ ដែលការប្រកួតចុងក្រោយគឺបានភ្លាត់ចាញ់ Nottingham Forest 1-0 នៅកីឡដ្ឋាន Stamford Bridge។ ការបរាជ័យនោះបានធ្វើឱ្យពួកគេឃ្លាតពីក្រុមកំពូលតារាង Manchester City ដល់ទៅ 8 ពិន្ទុរួចហើយ ហើយ Chilwell មានអារម្មណ៍ថាគាត់គឺជាបុគ្គលម្នាក់ក្នុងចំណោមកីឡាករដែលត្រូវតែជួយដឹកក្រុមទៅកម្រិតខ្ពស់ជាងពេលនេះ។

អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេស Chilwell បាននិយាយថា “ក្រុមរបស់យើងក្មេង និងថ្មីណាស់។ យើងអាចនិយាយបានថា ពួកយើងខ្វះខាតបទពិសោធន៍។ អ្នកគ្រប់គ្រងថ្មីព្យាយាមបញ្ចេញគំនិតរបស់គាត់ ហើយវាអាស្រ័យទៅលើខ្ញុំ និង Reece James ដែលជាប្រធានក្រុមក្នុងការទទួលខុសត្រូវ និងធ្វើជាអ្នកដឹកនាំនៅក្នុងក្រុម។ យើង​មាន​ទំនុក​ចិត្ត ហើយ​ក៏​មាន​អ្នក​គ្រប់​គ្រង​ដ៏​អស្ចារ្យ​ម្នាក់​ដែរ។ យើង​ដឹង​អំពី​អ្វី​ដែល​យើងធ្វើខុស ប៉ុន្តែ​យើងនៅតែមាន​ទំនុក​ចិត្ត​ថា​យើង​អាច​ប្រែក្លាយ​វា​បាន​យ៉ាង​ឆាប់​រហ័ស”