អតីតខ្សែបម្រើ Manchester City កីឡាករ Ilkay Gundogan បានសារភាពថាគាត់ស្ទើរតែអាចនៅលេងនៅ Premier League បន្តទៀតទោហើយប្រសិនបើ Man City បានចាប់ផ្តើមការចរចារកិច្ចសន្យាឆាប់ជាងនេះបន្តិច។

Gundogan បានចាកចេញពី Man City បន្ទាប់ពីចំណាយពេលប្រាំពីរឆ្នាំ កាលពីដើមរដូវក្តៅ ដោយបានចុះហត្ថលេខាជាមួយ Barcelona លើការផ្ទេរដោយគ្មានតម្លៃខ្លួន។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានគេរាយការណ៍ថាបានបដិសេធការបន្តកុងត្រាពី Man City ក្នុងខែឧសភា បន្ទាប់ពីមានការមិនពេញចិត្តជាមួយនឹងរយៈពេលនៃកិច្ចព្រមព្រៀងនៅលើតុចរចារ ប៉ុន្តែគាត់បានបង្ហើបថារយៈពេលនៃកិច្ចសន្យាតែម្នាក់ឯងមិនមែនជាហេតុផលតែមួយគត់ដែលគាត់បានសម្រេចផ្លាស់ពីទីក្រុង Manchester ទៅ Catalonia នោះទេ។

Gundogan បាននិយាយទៅកាន់សារព័ត៌មាន Bild របស់អាឡឺម៉ង់ថា “នៅទីបញ្ចប់ វាមិនមែនរឿងមួយឆ្នាំ ឬពីរឆ្នាំនោះទេ។ Man City បានចំណាយពេលរយៈពេលយូរបន្តិចដើម្បីឱ្យកិច្ចពិភាក្សាកាន់តែមានភាពខ្លាំងក្លា។ ប្រសិនបើរឿងនេះបានកើតឡើងមុននេះបន្តិច អ្វីៗប្រហែលជានឹងមានលទ្ធផលខុសពីពេលនេះ”៕