អ្នកតំណាងរបស់អារ៉ាប៊ីសាអូឌីតត្រៀមចុះចតនៅអង់គ្លេស ដើម្បីបើកកិច្ចចរចាថ្មីមួយសម្រាប់ Salah

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា មន្ត្រីតំណាងមកពីប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសដើម្បីធ្វើការព្យាយាមលើកចុងក្រោយដើម្បីល្បួង Liverpool ឱ្យលក់ខ្សែប្រយុទ្ធ Mohamed Salah។

Al-Ittihad សង្ឃឹមថានឹងចុះហត្ថលេខាលើតារាសញ្ចាតិអេហ្ស៊ីប ខណះការផ្តល់ជូនតម្លៃ 150 លានផោន ត្រូវបានបដិសេធដោយ Liverpool កាលពីសប្តាហ៍មុន។ ការរំពឹងទុកនៃការផ្លាស់ប្តូរ Salah ទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ មិនត្រូវបានបិទចោលទាំងស្រុងនោះទេ ខណៈដែលកាសែត Daily Mail រាយការណ៍ថា គណៈប្រតិភូរបស់ Al-Ittihad បានមកដល់ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ ដើម្បីបន្តការពិភាក្សាជាមួយ Liverpool។

Liverpool បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគ្មានចេតនាលក់ Salah ទេ។ លោក Jurgen Klopp បាននិយាយកាលពីថ្ងៃអាទិត្យថា “Salah គឺជាកីឡាកររបស់យើង ហើយចង់លេងនៅទីនេះ។ រូបគេមានការប្តេជ្ញាចិត្តខ្ពស់ចំពោះ Liverpool”។ ទន្ទឹមនឹងនេះដែរ ខ្សែបម្រើ Dominik Szoboszlai បាននិយាយថា ខ្សែប្រយុទ្ធជួរមុខរូបនេះចង់ស្នាក់នៅនៅកីឡដ្ឋាន Anfield បន្ត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមនៅ Saudi Pro League នឹងសាកល្បងក្រុមហង្សក្រហម ខណៈដែលវាត្រូវបានគេរាយការណ៍ថា Al-Ittihad អាចធ្វើការផ្តល់ជូនបំបែកកំណត់ត្រាពិភពលោកក្នុងតម្លៃប្រហែល 200 លានផោន សម្រាប់ហត្ថលេខារបស់ Salah៕