កីឡាករឆ្នើមពីររូបរបស់អង់គ្លេស ត្រូវបង្ខំចិត្តដកខ្លួនចេញដោយសាររបួស

កីឡាករ Jack Grealish និង Trent Alexander-Arnold បានបង្ខំចិត្តចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស បន្ទាប់ពីត្រូវបានវាយតម្លៃដោយក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិ។

អ្នកទាំងពីរបានចូលរួមជាមួយក្រុមអង់គ្លេសកាលពីថ្ងៃចន្ទ។ របួសភ្លៅរបស់ Grealish និងសរសៃពួររបស់ Alexander-Arnold នឹងរារាំងពួកគេមិនឱ្យចូលរួមសម្រាប់ក្រុមតោកំណាចក្នុងការប្រកួតនាពេលខាងមុខ។ Alexander-Arnold បានរងរបួសសរសៃពួរអំឡុងពេលដែលហង្សក្រហម Liverpool យកឈ្នះ Aston Villa កាលពីថ្ងៃអាទិត្យ ហើយខ្សែការពារត្រូវបានបង្ខំឱ្យចាកចេញពីការប្រកួតនៅកីឡដ្ឋាន Anfield ដោយនៅសល់ 20 នាទីទៀត។ Grealish បានដកចេញចេញពីក្រុមទាំងស្រុងនៅពេលដែល Manchester City យកឈ្នះ Fulham កាលពីសប្តាហ៍មុន។

ក្រុមរបស់លោក Gareth Southgate មានការប្រកួតចំនួនពីរអំឡុកការសម្រាកពីបាល់ទាត់កម្រិតក្លឹប ដោយចាប់ផ្តើមជាមួយនឹងការប្រកួតជម្រុះ Euro 2024 ទល់នឹងអ៊ុយក្រែនក្នុងប្រទេសប៉ូឡូញនៅល្ងាចថ្ងៃសៅរ៍ មុនពេលពួកគេជួបជាមួយស្កុតឡែនក្នុងទីក្រុង Glasgow ក្នុងការប្រកួតមិត្តភាពបីថ្ងៃក្រោយមក។ ខណៈពេលដែលរយៈពេលនៃការជាសះស្បើយរបស់ខ្សែប្រយុទ្ធស្លាបរបស់ Man City មិនត្រូវបានដឹងនោះ វាត្រូវបានគេយល់ថាខ្សែការពារស្លាបស្តាំរបស់ Liverpool អាចខកខានការប្រកួតបាល់ទាត់រយៈពេលពីរសប្តាហ៍រួមទាំងការប្រកួតដំបូងរបស់ហង្សក្រហមបន្ទាប់ពីចប់ភារកិច្ចជម្រើសជាតិ៕