កីឡាករ Leonardo Bonucci គ្រោងនឹងចាកចេញពីក្លឹប Juventus ដើម្បីទៅលេងជាមួយក្លឹបដែលកំពុងមានសន្ទុះគាំទ្រកើនឡើងជាលំដាប់មួយរយះចុងក្រោយ Union Berlin។

វីរបុរសរបស់ Juventus ដែលបង្ហាញខ្លួនបានជាង 500 ប្រកួតសម្រាប់ក្លឹបក្នុងរយៈពេលសរុប 12 រដូវកាលនោះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមផ្ទេរទៅកាន់ Union Berlin ហើយគ្រោងនឹងបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយ Juventus ដើម្បីយល់ព្រមលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្លឹប Bundesliga ។ យោងតាមអ្នករាយការណ៍របស់ Sky លោក Florian Plettenberg កីឡាករវ័យ 36 ឆ្នាំរូបនេះមានកាលវិភាគពិនិត្យសុខភាព ហើយការផ្លាស់ប្តូរនេះគឺនឹងអាចបញ្ចប់នៅប៉ុន្មានម៉ោងខាងមុខ។

កត្តាសំខាន់ក្នុងការផ្លាស់ប្តូររបស់ Bonucci ទៅកាន់ប្រទេសអាឡឺម៉ង់គឺកង្វះនៃការប្រកួតបាល់ទាត់ប្រចាំទ្វីបដែលបានដាក់លើ Juventus នៅរដូវកាលនេះ បន្ទាប់ពីរឿងអាស្រូវហិរញ្ញវត្ថុដែលបានឃើញក្លឹបត្រូវបានហាមឃាត់មិនឱ្យលេងនៅអឺរ៉ុបរយៈពេលមួយឆ្នាំ។ ទន្ទឹមនឹងនោះ Union នឹងលេងនៅ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេនៅរដូវកាលនេះ។ ការចាប់ឆ្នោតវគ្គចែកពូលកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថាក្រុម Union Berlin ស្ថិតនៅពូល C ជាមួយនឹងក្រុមខ្លាំងៗផ្សេងទៀតរួមមាន Real Madrid, Napoli និង Braga៕