Barcelona កំពុងមានភាពលំបាកក្នុងការសម្រេចការខ្ចីជើងកីឡាករ Joao Cancelo ពីក្រុមមេឃខៀវ Manchester City ចំពេលទីផ្សារដោះដូរកីឡាករនៅមានពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។

ក្លឹបយក្សប្រទេសអេស្ប៉ាញត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយ Manchester City សម្រាប់ការខ្ចីជើងពេញមួយរដូវកាល រួមទាំងជម្រើសទិញសម្រាប់ឆ្នាំ 2024 សម្រាប់ Cancelo ផងដែរ។ ពួកគេក៏បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ ហើយគាត់ត្រៀមខ្លួនហោះហើរពី Lisbon ដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់គាត់។ យោងតាម The Athletic ការផ្ទេរមួយនេះត្រូវបានពន្យារពេលដោយសារតែបញ្ហាហិរញ្ញវត្ថុបន្តរបស់ Barcelona ។ ការពិត Barcelona គ្រោងទទួលបានការទូទាត់ពីក្រុមហ៊ុនអាល្លឺម៉ង់ Libero Football Finance សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានឈានដល់កាលពីដើមខែសីហា ប៉ុន្តែការទូទាត់មិនទាន់មកដល់នៅឡើយទេ។

ប្រធានក្លឹបលោក Joan Laporta ឥឡូវនេះកំពុងស្ថិតក្នុងដំណើរការចុះហត្ថលេខាលើការធានាពីធនាគារដែលនឹងទទួលបានប្រាក់ចំនួន 20 លានអឺរ៉ូទៅកាន់ស្ថាប័នហិរញ្ញវត្ថុរបស់ក្លឹប ហើយអាចឱ្យពួកគេបញ្ចប់ការផ្ទេរ។ គួររំលឹកផងដែរថា នេះជាវិធីទីបីដែលប្រធានក្លឹប Barcelona បានប្រើវិធីនេះដើម្បីរៃអង្គាសប្រាក់ក្នុងពេលមានតម្រូវការជាចាំបាច់៕