PSG ជះលុយត្រឹម 45 លានអឺរ៉ូដើម្បីកុមារទេពរបស់ Lyon

Paris Saint-Germain បានសម្រេចនូវកិច្ចព្រមព្រៀងនាំយកកីឡាករវ័យជំទង់ Bradley Barcola មកក្លឹបរបស់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងតម្លៃ 45 លានអឺរ៉ូត្រូវបានយល់ព្រមជាមួយ Lyon ។

ខ្សែប្រយុទ្ធស្លាបវ័យ 20 ឆ្នាំរូបនេះគ្រោងនឹងចូលរួមជាមួយ PSG ក្នុងកិច្ចព្រមព្រៀង 45 លានអឺរ៉ូ នេះបើយោងតាមអ្នកជំនាញការផ្ទេរកីឡាករ Fabrizio Romano។ Barcola នឹង​ជំនួស​តារា​ឆ្នើម​ប្រេស៊ីល Neymar បន្ទាប់​ពី​ផ្ទេរ​ទៅ Al-Hilal ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ដើម​ខែ​នេះ។ Barcola បានស៊ុតបាល់បញ្ចូលទីចំនួន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 10 បន្ថែមទៀតសម្រាប់ក្រុម Lyon ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន។

បន្ទាប់ពីបានបាត់បង់កីឡាករល្បីៗ ជាច្រើនក្នុងរដូវក្តៅនេះក្រោមការគ្រប់គ្រងពេញលេញរបស់ Luis Enrique ពេលនេះ Marco Verrati, Georginio Wijnaldum និង Hugo Ekitike ក៏មើលទៅរៀបចំដើម្បីស្វែងរកក្លឹបថ្មីមុនពេលកំណត់នៃការផ្ទេរនាពេលខាងមុខផងដែរ។ Barcola នឹងចូលរួមជាមួយ Goncalo Ramos, Marco Asensio, Manuel Ugarte, Ousmane Dembele និង Lucas Hernandez ក្នុងនាមជាកីឡាករដែលទើបមកដល់ថ្មីនៅកីឡដ្ឋាន Parc des Princes សម្រាប់រដូវកាល 2023-2024៕