Man United ដាក់សំណើរដេញថ្លៃជាផ្លូវការសម្រាប់ខ្សែការពាររបស់ Chelsea ក្រោយ Shaw រងរបួស

ក្លឹប Manchester United បានដាក់សំណើរទិញខ្សែការពារ Marc Cucurella ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីតោខៀវ Chelsea។

ក្រុម​នៅ​កីឡដ្ឋាន Stamford Bridge បាន​ឆ្លើយ​តប​ទៅ​នឹង​គូ​ប្រជែងក្នុងលីកកំពូល Premier League របស់​ខ្លួន ហើយ​ការពិភាក្សារវាងក្លឹបទាំងពីរកំពុងបន្តយ៉ាងរលូន។ ការផ្តល់ជូនរបស់ Man United គឺជាការខ្ចីជើងប៉ុណ្ណោះ ហើយក្លឹបទាំងពិរនឹងចរចារបន្ថែមក្នុងករណីដាក់ចូលជម្រើសទិញផ្តាច់ នឹងលក្ខខណ្ឌផ្សេងៗក្នុងកុងត្រាដែលអាចនឹងបញ្ចប់មុនបិទទ្វារទីផ្សារកីឡាករ។

ការនាំយក Cucurella អាចជាជម្រើសដ៏ល្អមួយសម្រាប់ Manchester United ជាពិសេសក្រោយខ្សែការពារស្លាបឆ្វេងទាំងពីររបស់ខ្លួនរួមមាន Luke Shaw នឹង Tyrell Malacia សុទ្ធសឹងកំពុងរាតត្បាតដោយរបួស។ មិនតែប៉ុណ្ណោះ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះក៏ធ្លាប់មានបទពិសោធន៍ជាច្រើននៅក្នុងបាល់ទាត់អង់គ្លេស ដោយរូបគេធ្លាប់លេងឲ្យក្រុម Brighton មុនចាកចេញមក​ Chelsea រដូវកាលមុន៕