បន្ទាប់ពីស៊ុតចូលពីរគ្រាប់ Cristiano Ronaldo បញ្ចេញក្បាច់អបអរគ្រាប់បាល់ថ្មីយ៉ាងចម្លែកមួយ

Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់ឱ្យក្រុម Al-Nassr ទល់នឹងក្រុម Al-Shabab ហើយបានបង្ហាញពីការអបអរគ្រាប់បាល់ថ្មីដើម្បីផ្តល់ជាភាពរីករាយទៅដល់អ្នកគាំទ្រ។

Ronaldo បានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះសម្រាប់ការប្រកួតនៅលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League របស់ Al-Nassr ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ពីបាល់ប៉េណាល់ទី ហើយបន្ទាប់ពីបានមួយគ្រាប់ គាត់បានសំដែងរបាំប្រពៃណីរបស់អារ៉ាប៊ីសាអូឌីត ជំនួសឱ្យការអបអរដោយប្រើប្រាស់ក្បាច់ Siuuu ប្រចាំត្រកូលរបស់គេ។ អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមកពីប្រទេសនេះពន្យល់ថាអ្វីដែល Ronaldo បានយកមកប្រើប្រាស់ គឹជារបាំប្រជាប្រិយរបស់ប្រទេសនេះដែលអាចសំដែងដោយអ្នកចម្បាំង ជាពិសេសបុរសកាន់ដាវ។

Al-Nassr បានបើករដូវកាលថ្មីរបស់ខ្លួនជាមួយនឹងបរាជ័យ 2 ប្រកួតជាប់ៗគ្នា ប៉ុន្តែបានព្យាយាមរហូតវាយបកបានជ័យជម្នះ 2 ដងជាប់ៗគ្នាវិញដើម្បីឡើងមកកាន់ចំណាត់ថ្នាក់លេខ 6 នៅតារាងពិន្ទុនៃ Saudi Pro League។ ជំនួបបន្ទាប់របស់ Al-Nassr គឺត្រូវប៉ះគ្នាជាមួយ Al-Hazm នៅថ្ងៃសៅរ៍ ដោយត្រូវរំពឹងលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ម្តងទៀត៕