Inter Miami គ្រោងសង់កីឡដ្ឋានមួយទៀតនៅលើសួនច្បារ Miami Freedom Park

Lionel Messi នឹងមានទីលំនៅថ្មីមួយនៅឆ្នាំ 2025 ដោយក្លឹប Inter Miami ចាប់ផ្តើមសាងសង់កីឡដ្ឋានដែលមាន 25,000 កៅអីនៅលើសួនច្បារ Miami Freedom Park ។

រចនាសម្ព័នដ៏គួរឱ្យចាប់អារម្មណ៍នឹងត្រូវបានសាងសង់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Miami ដោយក្រុមនៅ MLS មួយនេះនឹងផ្លាស់ប្តូរចេញពី Fort Lauderdale ជាកន្លែងដែលពួកគេប្រើប្រាស់កីឡដ្ឋាន DRV PNK តាំងពីឆ្នាំ 2020 មក។ David Beckham និងក្រុមប្រឹក្សាភិបាលរបស់ក្លឹបមិនលាក់បាំងអំពីបំណងប្រាថ្នារបស់ពួកគេក្នុងការសាងសង់កីឡដ្ឋានថ្មីនោះឡើយ។ គ្រឿងបរិក្ខារទំនើបបំផុត នឹងត្រូវបំពាក់ក្នុងកីឡដ្ឋានថ្មី ដើម្បីស្របតាមតម្រូវការរបស់អ្នកគាំទ្រ ក្រោយការមកដល់របស់កីឡាករកំពូលៗដូចជា Lionel Messi, Jordi Alba, Sergio Busquets ជាដើម។

បើយោងទៅតាមលោក Jorge Mas ដែលជាប្រធានផ្នែកគ្រប់គ្រង​បានបង្ហើបនៅលើគេហទំព័រផ្លូវការរបស់ក្លឹបថា គម្រោងមួយនេះនឹងបញ្ចប់ក្នុងរយះពេល​ 4 ឆ្នាំខាងមុខ ដែលហេដ្ឋារចនាសម្ព័ន្ធមួយនេះនឹងក្លាយជាចំណុចចាប់ផ្តើមនៃការកែប្រែសម្រាប់បាល់ទាត់អាមេរិក។ ក្រៅពីទស្សនីយភាពបាល់ទាត់ អាហារនឹងការកម្សាន្តមួយចំនួននឹងត្រូវបានដាក់បញ្ចូលក្នុងគម្រោងសម្រាប់កីឡដ្ឋានថ្មីដែលនឹងដាក់ប្រើប្រាស់ជាផ្លុវការនៅឆ្នាំ 2025៕