គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានទទួលស្គាល់ជាសាធារណៈថាខ្សែប្រយុទ្ធ Darwin Nunez មិនសូវជាមានភាពសប្បាយចិត្តនោះឡើយ ទោះជា Liverpool បានវាយបកយកឈ្នះ Newcastle ស្ទើរមិនមានអ្នកនឹកស្មានដល់នោះឡើយ។

Nunez បានក្លាយជាវីរបុរសភ្លាមៗសម្រាប់អ្នកគាំទ្រក្រុមហង្សក្រហម ក្រោយរកបាន2គ្រាប់ដើម្បីធានា3ពិន្ទុសម្រាប់ក្រុមលោក Jurgen Klopp នៅក្នុងដំណើរទៅកាន់កីឡដ្ឋាន St. James Park ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះបានផ្លាស់ប្តូរចូលនៅវគ្គទី2 ហើយបានកែប្រែស្ថានការណ៍ការប្រកួត 180 ដឺក្រេ ប៉ុន្តែក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បែរជាបង្ហើបពីការមិនពេញចិត្តរបស់ Nunez សម្រាប់ការប្រកួតលើកនេះទៅវិញ។

នៅពេលត្រូវបានសួរអំពីការទុកឲ្យ Nunez លេងក្នុងនាមជាកីឡាករបម្រុងសម្រាប់ការប្រកួត Premier League ទាំង3លើករបស់ Liverpool នៅរដូវកាលថ្មីនេះ Klopp បានបញ្ជាក់ថា “វាច្បាស់ណាស់ថារូបគេមិនសប្បាយចិត្តប៉ុន្មានទេ ប៉ុន្តែថ្ងៃនេះគេញញឹមបិទមាត់មិនជិតឡើយព្រោះគេបានជួយក្រុមដណ្តើមបាន3ពិន្ទុដ៏សំខាន់។ នៅពេលនេះ នេះជាអ្វីដែលក្រុមយើងត្រូវការ”៕