Dominik Szoboszlai បង្ហាញមហិច្ឆតាជាមួយ Liverpool ថែមទាំងបានព្រមានទៅអតីតមិត្តរួមក្រុមមួយម៉ាត់ទៀត

Dominik Szoboszlai បានពន្យល់ពីអ្វីដែលគាត់ចង់សម្រេចបាននៅកីឡដ្ឋាន Anfield ក្នុងរដូវកាលនេះជាមួយ Liverpool ខណៈពេលដែលគាត់ក៏ផ្តល់ការយល់ដឹងអំពីមិត្តភាពរបស់គាត់ជាមួយ Erling Haaland ផងដែរ។

កីឡាករវ័យ 22 ឆ្នាំរូបនេះបានបង្កើតជាការចាប់អារម្មណ៍លើការបង្ហាញខ្លួនដំបូងនៅ Anfield ជាលើកដំបូងរបស់គាត់ជាមួយនឹងក្រុម Bournemouth កាលពីសប្តាហ៍មុន ដោយបានបង្ហាញពីក្តីស្រឡាញ់ចំពោះ Liverpool ដ៏ស្មោះត្រង់តាំងពីមុនចាប់ផ្តើមការប្រកួត។ មុនដំណើររបស់ហង្សក្រហមទៅកាន់ Newcastle នៅពេលដ៏ខ្លីខាងមុខ ខ្សែបម្រើរូបនេះបានបង្ហាញពីអ្វីដែលគាត់ចង់សម្រេចបានក្នុងរដូវកាលដំបូងរបស់គាត់នៅលើទឹកដី Merseyside ហើយគាត់ពិតជាបានកំណត់គោលដៅខ្ពស់មួយចំនួន។ ថ្លែងទៅកាន់ Liverpool Echo កីឡាករសញ្ជាតិហុងគ្រីរូបនេះបាននិយាយថា “យើងមានការប្រកួតជាច្រើន ហើយ Manchester City ក៏មានការប្រកួតជាច្រើន ហើយយើងត្រូវលេងជាមួយពួកគេផងដែរ។ ខ្ញុំគិតថាអ្នកគ្រប់គ្នានៅក្នុង Premier League មានឱកាសឈ្នះស្មើៗគ្នា។ ខ្ញុំចូលចិត្តឈ្នះ ខ្ញុំចូលចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីក្រុម។ ប្រសិនបើ​ពួកគេ​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ចង់​ឈ្នះ Premier League មែន​ទេ ខ្ញុំ​នឹងឆ្លើយថាខ្ញុំចង់​ឈ្នះ​វា​។ ខ្ញុំក៏ចង់ឈ្នះពាន Europa League និង FA Cup ដូចគ្នាដែរនៅឆ្នាំនេះ”

គាត់ក៏បាននិយាយអំពីមិត្តភាពរបស់គាត់ជាមួយនឹងខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Manchester City កីឡាករ Erling Haaland ថា “គាត់ប្រហែលជារស់នៅពីរផ្ទះនៅជិតខ្ញុំ។ យើងឧស្សាហ៍និយាយជាមួយគ្នា ហើយយើងក៏ធ្លាប់ហ្វឹកហាត់ជាមួយគ្នាម្តងដែរ កាលរូបគេទៅលេងនៅប្រទេសក្រិកក្នុងការប្រកួត UEFA Super Cup”